ក្រសួងជូនដំណឹងឱ្យប្រុងប្រយត្ន័ចំពោះ Overflow និង ជំនន់ទឹកភ្លៀង Flash Flood នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសឱ្យបានដឹងថា ចាប់ពីថ្ងៃទី ២១-២៧ ខែកញ្ញា ឆ្នាំ ២០២២ សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្ត នៅក្នុងភូមិសាស្ត ជាប់នឹងជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ ក្រសួងបានសូមឱ្យអាជ្ញាធរដែនដី និង សាធារណជនជ្រាបជាព័ត៌មាន និង បន្តមានការប្រុងប្រយត្ន័ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និង ជំនន់ទឹកភ្លៀង ( Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និង ភូមិសាស្ត្រជាប់ព្រំដែនថៃ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖