ម្ចាស់ផ្ទះកំពុងរៀបអីវ៉ាន់លក់ពេលព្រឹក ស្រាប់តែឆ្លងភ្លើងឆេះឆុរឡើង មួយប៉ប្រិចភ្នែកឆេះទ្រព្យស្ទើរអស់
នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ មានអគ្គិភ័យមួយកន្លែងបានឆាបឆេះឡើងបង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះថា ថុង សុឃឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ និង ប្រពន្ធឈ្មោះ ចយ ភីន មានមុខរបរលក់គ្រឿងជ័រ ក្នុងនោះមានកញ្ច្រែង កាធុន ថូផ្កា តុ កៅអី អំបោស ប៊ីដុង ពូក ខ្នើយ រួមជាមួយអីវ៉ាន់ចាបហួយ និង សម្ភារជាច្រើនមុខទៀត ដែលស្នាក់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលម្ចាស់ផ្ទះកំពុងរៀបចំអីវ៉ាន់ដាក់លក់ដូរនៅខាងក្រោម ហើយបានឃើញផ្សែងហុយចេញពីលើឡៅតឿ ក៏បានស្រែកហៅឱ្យគេជួយភ្លាមៗ និង បានរាយការទៅអាជ្ញាធរឱ្យចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយសារតែជាផ្ទះលក់គ្រឿងជ័រទើបធ្វើឱ្យអគ្គិភ័យឆាបឆេះយ៉ាងលឿនរហ័ស។
គួរបញ្ជាក់ដែរថា អគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង ៧ និង ២០ នាទី ដោយមានការសហការជាមួយប្រជាពលរដ្ឋ និង ក្រុមរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់អស់ ១ ស៊ីទែន ទើបភ្លើងរលត់ទៅវិញទាំងស្រុង តែត្រូវបានរងការខូចខាតទ្រព្យសម្បត្តិអស់ប្រហែល ៨០ ភាគរយ ដែលសរុបជាទឹកប្រាក់រៀលគឺ ៦ លានរៀល និង ២០០ ដុល្លារ រីឯសម្ភារប្រហែល ២៥ ០០០ ដុល្លារ តែក៏មិនមានមនុស្សរងរបួសដែរ៕