ថ្មីទៀតហើយ! ការដាក់បាត្របែបថ្មីតាមអនឡាញ កំពុងតែផ្ទុះការរិះគន់យ៉ាងចាស់ដៃនៅថៃ
ថ្មីៗនេះ កំពុងតែមានប្រធានបទថ្មីក្តៅគគុកមួយទៀតហើយនៅឯប្រទេសថៃ ដែលកំពុងតែត្រូវមហាជនអ្នកគាំទ្រផ្ទុះការរិះគន់ពិចារណាពាសពេញ នោះគឺការដាក់បាត្របែបថ្មីតាមអនឡាញ។
ក្នុងនោះ តាមពិតរឿងរ៉ាវបានកើតឡើងចេញពីការ Live វីដេអូមួយចំនួននៅក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញមនុស្សពីរបីនាក់ កំពុងតែដាក់បាត្រព្រះសង្ឃនៅមុខកាមេរ៉ា ព្រមទាំងមានការប្រកាសក្តែងៗថា បើចង់ដាក់បាត្រធ្វើបុណ្យ មិនចាំបាច់ដល់កន្លែងក៏ដាក់បាន មិនបាច់ងើបពីកន្លែងដេកក៏ដាក់បានទៀតផង។
បើតាមព័ត៌មានបានឱ្យដឹងថា ការដាក់បាត្រតាមអនឡាញនេះ គឺធ្វើឡើងដោយហាងអាហារមួយក្នុងផ្សារមួយកន្លែង ដែលតាមពិតទៅគេបានលក់ម្ហូបបណ្តើរ និង ដាក់បាត្រជំនួសអតិថិជនបណ្តើរនេះឯង។
ហាងអាហារមួយនេះ បានបង្កើតឱ្យមានឈុតម្ហូបសម្រាប់ដាក់បាតព្រះសង្ឃ រួចលក់ឱ្យទៅមហាជនញាតិមិត្តដែលមានបំណងចង់ដាក់បាត្រ ដោយខ្លួនទទួលជាលុយ ហើយយកម្ហូបទាំងនោះ ទៅដាក់បាត្រឱ្យព្រះសង្ឃអង្គដែលគង់ចាំនៅកន្លែង ជំនួសឱ្យមហាជនញាតិមិត្តវិញ។
ក្នុងនោះ បើតាមម្ចាស់ហាងបានឱ្យដឹងថា មានមហាជនញាតិមិត្តច្រើនណាស់ ដែលរួមគ្នាធ្វើបុណ្យដាក់បាត្រតាមអនឡាញបែបនេះ ដោយភាគច្រើនសុទ្ធតែជាអ្នកក្រៅប្រទេស អ្នករវល់ខ្លាំង និង អ្នកដែលឈឺនៅជាប់គ្រែងើបមិនរួច ហើយចំណែកអនិសង្សក៏បានមិនចាញ់ធ្វើផ្ទាល់នោះដែរ។