ករណីហឹង្សា ប្តីដើមស្លាប់ ប្តីចុងជាប់គុក តើមកពីមូលហេតុអ្វី បានឈានដល់ថ្នាក់ហ្នឹង?

ភ្នំពេញ៖ ករណីហឹង្សា បានកើតឡើង ដោយភាគីម្ខាង បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើភាគីម្ខាងទៀត នៅចំណុច ផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យ ជនរងគ្រោះ ឈ្មោះ អ៊ិន សុខធី ឬ សុខ ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវរបួសធ្ងន់ធ្ងរនិងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ស្រាវជ្រាវរហូតកំណត់មុខសញ្ញាថា ជនសង្ស័យគេចខ្លួនទៅឯខេត្តបាត់ដំបង កម្លាំងជំនាញក៏បន្តទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ណែម សំអាត ភេទប្រុស អាយុ៣០ឆ្នាំ នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ។

ជនសង្ស័យសារភាព បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ នី សុខុម និងបានរួមរស់ ជាប្តី-ប្រពន្ធជាមួយគ្នា ដោយពុំបានរៀបការស្របច្បាប់នោះទេ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈស្រាប់តែប្រពន្ធខ្លួនបានប្រាប់ថា ចង់សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើមឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។ លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួន ( នី សុខុម ) និងឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលជាប្តីដើម បានហៅតាមទូរស័ព្ទអោយរូបខ្លួន ទៅនិយាយគ្នានៅផ្ទះ ដើម្បីនិយាយរឿងបែកគ្នា ខណៈនោះរូបខ្លួនក៏បានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយសៀតចង្កេះផង។ នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗ ជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ក៏ស្ទុះមករកខ្លួន គាប់ជួនខ្លួនកាន់កាំបិតចុងស្រួចក្រវីក្រវាត់ត្រូវចំជនរងគ្រោះបណ្តាលឲ្យដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។ បន្ទាប់ពីកើតហេតុរួច រូបខ្លួនក៏ឡើងជិះម៉ូតូគេចខ្លួន និងលាក់ខ្លួនបានមួយយប់ ក៏បន្តជិះរថយន្តគេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះមកដល់នៅជិតព្រំដែនកម្ពុជា-ថៃ ចាប់ឃាត់រូបខ្លួនតែម្តង។

ជនសង្ស័យនេះ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕