ស្ថានភាពជំងឺ ខាត់ ចំរើន ពេលនេះត្រូវការឈាមជាបន្ទាប់ដើម្បីព្យាបាល
កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ក្រោយពីទទួលដំណឹងពីគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះថាតារាចម្រៀងលោក ខាត់ ចំរើន ប្អូនប្រុសបង្កើតរបស់តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម កំពុងតែស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមរយៈការជូនដំណឹងនោះ ក៏បានឱ្យដឹងថា លោក ខាត់ ចំរើន មានជំងឺប្រចាំកាយខូចក្រលៀន និងក្រិនថ្លើម ដែលត្រូវសម្រាកព្យាបាល និងត្រូវការឈាមបន្ទាន់។
ដោយឡែក មកដល់ពេលនេះ ក្រោយសម្រាកព្យាបាលប្រមាណជាងកន្លះខែ នៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ លើបណ្ដាញសង្គមរបស់ លោក អ៊ឹម ជីវ៉ា ក៏បានប្រាប់ពីស្ថានភាពជំងឺរបស់លោក ខាត់ ចំរើន ជាថ្មី បានឱ្យដឹងថា ពេលនេះ លោកកំពុងតែត្រូវការឈាមជាបន្ទាន់ដើម្បីព្យាបាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដដែល។
ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពដែលលោកបានទៅសួរសុខទុក្ខលោក ខាត់ ចំរើន ផ្ទាល់ និងបានរៀបរាប់ថា ៖ «ដំណឹងបន្ទាន់! សូមបងប្អូនជួយ តារាកំប្លែង លោក ខាត់ ចំរើន ផង ពេលនេះកំពុង សង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ហើយត្រូវការឈាមជាបន្ទាន់ បើបងប្អូនណា អាណិតគាត់មេត្តាជួយផ្តល់ឈាមឱ្យគាត់ផង។ ជួយគ្នាបងជាពិសេសសិល្បករដូចគ្នា! សូមបញ្ជាក់ថា តារាកំប្លែងរូបនេះមានជំងឺក្រិនថ្លើម! ជួយគ្នាក្នុងគ្រាមានអាសន្ន អំពើល្អ មិនសាបសូន្យ ដោយក្តីគោរព អ៊ឹម ជីវ៉ា»៕