នាយកសាលាវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ សំណូមពរមហាជនឈប់វែកញែក ព្រោះពេលនេះ សិស្សៗដឹងខ្លួនខុសហើយ

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនផ្ទុះការចាប់អារម្មណ៍ ព្រមទាំងនាំគ្នាបញ្ចេញមតិផ្អើលពេញបណ្តាញសង្គម ក្រោយទស្សនាវីដេអូរបស់នាយកសាលា វិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានវា.យសិស្សស្រីរបស់ខ្លួន ដោយហេតុផលនាំគ្នាលេងគូសអាវ។

យ៉ាងណាមិញ ក្រោយផ្ទុះការចែករំលែកព្រោងព្រាត អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក រស់ សុវាចា បានបង្ហើបថា ក្រសួងកំពុងធ្វើការស៉ើបអង្កេតជុំវិញករណីមួយនេះ កាលពីថ្ងៃទី ១៤កញ្ញា កន្លងទៅនេះ។

តួយ៉ាង គេក៏ក្រឡេកឃើញអ្នកម្តាយរបស់សិស្សស្រីរូបនេះ បានបញ្ចេញមតិឲ្យមហាជនឈប់ធ្វើការវែកញែកបន្តទៅទៀត ព្រោះកូនស្រីត្រូវការប្រមូលអារម្មណ៍ ដើម្បីត្រៀមប្រឡងសញ្ញាប័ត្រនារយៈពេល៣ខែខាងមុខនេះ ព្រោះការបញ្ចេញមតិមហាជនអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនស្រី។

ទៀតសោត ងាកទៅលោកនាយកវិញ លោកគ្រូបានបង្ហោះសារយ៉ាងដូច្នេះថា ៖

សូម​គោរព​ឯកឧត្តម​លោក​ជំទាវ លោក​អ្នក​អាណាព្យាបាល​ទាំងអស់ បង​ៗ​សារព័ត៌មាន និង​ក្មួយ​ៗ​កូន​ៗ​ជា​សិស្សានុសិស្ស​ទាំងអស់ ខ្ញុំបាទ នាយក​សាលា វិទ្យាល័យ ហ៊ុន សែន សេរីភាព សូម​គោរព​អា​ធ្យា​ស្រ័យ បញ្ចប់​ការ​ផ្សព្វផ្សាយ​ជជែក​វែកញែក លើ​បណ្ដាញ​សង្គម​បន្ត​ទៀត កូន​ៗ​ខ្ញុំ​ដឹង​ខុស​ហើយ កូន​ៗ​ខ្ញុំ​បច្ចុប្បន្ន​បាន​ខិតខំ​រៀន ដើម្បី​ភាព​ជោគជ័យ នៅ​ថ្ងៃ​ខាង​មុខ ។ អាស្រ័យ​ហេតុ សូម​បង​ៗ​សារព័ត៌មាន លោក​អ្នក​អាណាព្យាបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​សហការ ដើម្បី​រក្សា​បាន​បរិយាកាស​ល្អ និង​កុំអោយ​ប៉ះពាល់​ដល់​ការ​តាំងចិត្ត​របស់​កូន​ៗ​ទាំងអស់ ។ ដោយ​ការ​គោរព​ពី​ខ្ញុំបាទ ម៉​ម សុធា​នី៕

 

ម៉ម សុធានី