បុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង បើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ ធ្វើឱ្យនារីម្នាក់រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BH -4352 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២៧៣ បានជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លា៏កលេខភ្នំពេញ1AM -2137 ជិះដោយនារីពីរនាក់ដែលបើកស្របគ្នានៅខាងមុខ ចំពីក្រោយពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្ដាលឱ្យនារីម្នាក់បែកក្បាលហូរឈាមពេញថ្នល់រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ទម្រាំរថយន្តសាមុយមកទទួលជនរងគ្រោះទៅសង្គ្រោះ មានរយៈពេលជាងកន្លះម៉ោងឯណោះ ធ្វើឱ្យជនរងគ្រោះស្លាប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាននារីម្នាក់ដែលជាអ្នករួមដំណើរជាមួយបានរងរបួសស្រាល ។
សមត្ថកិច្ចមូលដ្ឋានបានខលទៅនគរបាលជំនាញមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕