ល្បីចែករំលែកវីដេអូខ្លីបន្តគ្នា លើបណ្ដាញសង្គម Facebook TikTok ករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ម៉ម សុធានី វាយសិស្សស្រី ពេលនេះក្រសួងអប់រំ យុវជន និងកីឡា កំពុងស្រាវជ្រាវករណី
កណ្តាល ៖ ចែករំលែកវីដេអូខ្លីបន្តគ្នាលើបណ្ដាញសង្គម Facebook TikTok អំពីករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ម៉ម សុធានី វាយសិស្សស្រី ក្នុងសាលា ហាក់ដូចជាពេលសិស្សតម្រង់ជួរគោរពទង់ជាតិ ឬកំឡុងពេល សាលាផ្ដល់ព័ត៌មានអ្វីមួយដល់សិស្សានុសិស្ស។
ឆ្លើយតបទៅករណីការផ្ទុះឡើងនេះ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណចំពោះមហាជនដែលបាន និងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំកម្ពុជា។
លោក រស់ សុវាចា លើកឡើងបន្តថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន ២ កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺ ស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បង្ហាញ ២ មាត្រា ច្បាប់ស្តីពីការអប់រំ ដោយបញ្ជាក់ថា មាត្រា១៧ នៃច្បាប់ស្តីពី ការអប់រំ បានចែងថា ការអប់រំចំណេះទូទៅជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ ចំណែក មាត្រា ៣៥ នៃច្បាប់ស្តីពី ការអប់រំបាន ចែងពីសិទ្ធិ និងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថា មានសិទ្ធទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម រឺ ការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។ អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។
ជាមួយគ្នានេះ យុវតី ភឿង ណារី លើកឡើងថា ក្នុងនាមជាសិស្ស វិទ្យាល័យសេរីភាពមួយរូប សូមកញ្ញាបញ្ជាក់ថា លោកគ្រូនាយក លោកគ្រូនាយករង មានគុណសម្បត្តិ និងជួយណែនាំសិស្សក្នុងសាលាច្រើនណាស់ ប៉ុន្តែចំណុចដែរធ្វើល្អជាច្រើនគ្មានអ្នកលើកសរសើរទេ ចំណុចអាក្រក់មួយធ្វើឱ្យលុបបំបាត់ចំណុចល្អដែរគាត់ខិតខំធ្វើទាំងអស់៕