ជំនន់ទឹកភ្លៀង លិចផ្ទះ៣៧ខ្នង នៅឃុំព្រះនិព្វាន ស្រុកគងពិសី
កំពង់ស្ពឺ៖ ស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី បង្កឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣៧ខ្នង។ ជាមួយគ្នានោះដែរ អាជ្ញាធរវាយទម្លាក់ទ្វារតំកល់ទឹក ចំនួនមួយម៉ែត្រ ដើម្បីបើកមុខទឹក។
ក្នុងឳកាសដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់បងប្អូន មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ហើយបើយោងតាមការព្យាករណ៍របស់មន្ទីរធនធានទឹក បានឱ្យដឹងថា នៅថ្ងៃទី២១ និង ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅក្នុងស្រុកគងពិសី។
បន្ថែមពីនេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព ថ្នាំបង្ការ ក៏ដូចជាពូជស្រូវ ពូជដំណាំ ឲ្យបានរួចរាល់សម្រាប់ត្រៀមបង្ការជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងទៅទីទួលសុវត្ថិភាពនោះ និងចែកពូជជូនពួកគាត់៕