ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោងនឹងរៀបចំឡើង នៅខែតុលាខាងមុខនេះ

ស្វាយរៀង៖ ខេត្តស្វាយរៀង គ្រោង​រៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ​ ​ដែលនឹងប្រព្រឹត្តិទៅ​រយះពេល២ថ្ងៃ គឺ​ចាប់ពីថ្ងៃ​សៅ-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំពិធីប្រណាំងទូក​​នេះដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំដល់អនុគណៈកម្មការទាំងអស់ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ​ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់​ដើម្បីពន្លឿនការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។

សូមជម្រាបថា ដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា​ និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបង្កើតគណៈកម្មការចំនួន ១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការផងដែរ៕