ទីបំផុត! បុរសដែលដឹកសំរាម ទៅចាក់លើផ្លូវសាធារណៈ ចូលខ្លួនសារភាពកំហុសហើយ និងព្រមបង់ផាកពិន័យ

កាលពីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មានករណីបុរសម្នាក់ បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំងខាងក្រោយការាស់សាំងកាល់តិច ស្ថិតនៅភូមិ ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថាន។

បុរសរូបនេះ មានឈ្មោះ កែវ តុលា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ នៅថ្ងៃទី ១៣ ខែកញ្ញា បានចូលសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន ១ លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។ បុរសរូបនេះ ក៏បានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

គួរឱ្យដឹងផងដែរថា ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ឱ្យជនបង្ករប្រញាប់ចូលខ្លួន​ សារភាពកំហុស​ និង​ បង់ផាកពិន័យ​ ឱ្យបានមុនម៉ោង​ ១៧:០០​ ថ្ងៃ​ ១៣​ ខែកញ្ញា ឆ្នាំ ២០២២​ នៅមន្ទីរបរិស្ថាន​ បើមិនចង់ឱ្យលោកចាត់វិធានការ៕