ចំនួនអ្នកស្ល-ា-.ប់ដោយគ្រោះរញ្ជួយដីនៅចិន កើនឡើងដល់ ៩៣ នាក់ខណៈ ២៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ
បើតាមរបាយការណ៍ព័ត៌មានពីទូរទស្សន៍ CCTV កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅខេត្ត Sichuan ប្រទេសចិន បានកើនឡើងដល់ ៩៣ នាក់ហើយ ខណៈ ២៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។
តាមការផ្សាយរបស់ទូរទស្សន៍ CCTV បានឱ្យដឹងថា ៖ «នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៩៣ នាក់ ដោយក្នុងនោះ ៥៥ នាក់នៅ Garze Tibetan Autonomous Prefecture និង ៣៨ នាក់ផ្សេងទៀតនៅក្នុងទីក្រុង Ya’an។ បន្ថែមពីនេះទៀត មនុស្សចំនួន ២៥ នាក់ក៏កំពុងបាត់ខ្លួននៅឡើយ ដោយក្នុងនោះ ៩ នាក់នៅតំបន់ Luding នៃ Garze Tibetan Autonomous Prefecture និង ១៦ នាក់ទៀត នៅតំបន់ Shimian នៃទីក្រុង Ya’an»។
គួររំឭកថា កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារលើតំបន់ជាច្រើននាខេត្ត Sichuan ប្រទេសចិន។ គ្រោះធម្មជាតិដ៏ខ្លាំងក្លាមួយនេះដែរ ក៏អមមកតាមក្រោយនៅហេតុការណ៍រញ្ជួយដីកម្រិតខ្សោយប្រមាណជាង ២ ៧០០ដងទៀតផងដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដោយការរញ្ជួយតាមក្រោយខ្លាំងបំផុតជាងគេនោះគឺចំនួន ៤.៥ រ៉ិចទ័រ៕