ឃាត់ខ្លួនក្រុមចោរលួច យ៉ាងសកម្មប្រចាំភូមិ បន្ទាប់ពីធ្វើសកម្មភាពលួចដែក បង្គោលអំពូលសូឡា នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ ជនរងគ្រោះឈ្មោះ ហៀង ហ៊ែល ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិសាម៉រ ឃុំដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល និងជាមេភូមិសាម៉រ។ ជនសង្ស័យទី១ ឈ្មោះ ឈាង សុខា ហៅ ឆើត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ទន្សាយគាច ឃុំ ដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ជួប ដែន ភេទ ប្រុស អាយុ ២២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ឈាង សុខា បានដើរចេញពីផ្ទះរបស់ខ្លូន ស្ថិតនៅភូមិទន្សាយគាច ឃុំដើមឫស ដើម្បីទៅលួចដែក ដែលគេទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្នុងភូមិដើមឬស ឃុំដើមឬស។ ជនសង្ស័យបានលួចយកដែកមួយដើមប្រវែង ០៦ ម៉ែត្រ យកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន រហូតដល់ម៉ោង ០៩ និង ៣០នាទី ជនសង្ស័យឈ្មោះ ជួប ដែន បានជិះកង់តែម្នាក់ឯងមកផ្ទះរបស់ឈ្មោះ ឈាង សុខា ពេលនោះ ជនសង្ស័យទាំងពីរនាក់ បានជិះឌុបគ្នា ដោយលីដែក ដែលជនសង្ស័យឈ្មោះ ឈាង សុខា លួចបានពេលព្រឹក យកទៅលក់ នៅកន្លែងទិញអេតចាយមួយកន្លែង ស្ថិតនៅភូមិអូរ ឃុំ ដើមឬស បានលុយ ៦០០០រៀល។ រួចជនសង្ស័យទាំងពីរនាក់ បានជិះកង់សំដៅទៅភូមិសាម៉រ ឃុំដើមឬស។ ពេលជិះដល់ចំនុចកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ជួប ដែន បានចុះទៅកាច់បង្គោលភ្លើងសូឡា មួយដើម ប្រវែង ០៤ ម៉ែត្រ រួចយកទៅលាក់ទុកក្នុងព្រៃ។ ឈ្មោះ ហៀង ហ៊ែល ជាមេភូមិ សាម៉រ បានឃើញជនសង្ស័យទាំងពីរនាក់ ក៏ហៅមកសួរនាំ។ ជនសង្ស័យទាំងពីរនាក់ នាំគ្នារត់ទៅសំងំ នៅក្នុងផ្ទះរបស់ឈ្មោះ ឈាង សុខា។ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕