ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន នៅភ្នំពេញជាបណ្ដោះអាសន្ន រយៈពេល៣ថ្ងៃ នៅខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន ក្នុងរាជធានីភ្នំពេញ ចំនួន៣ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី១០, ថ្ងៃសុក្រ ទី១១, និងថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ការផ្អាកបណ្តោះអាសន្ននេះ គឺក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ដល់ប្រជាជនក្នុងរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕