រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំ ដោយមិនគិត​ប្រាក់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតប្រាក់ ដើម្បីជួយសម្រួលបន្ទុកដល់ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ​៕