ប្រពន្ធទ្រហោយំស្រែកហៅប្ដីឲ្យមកវិញរហូតដល់សន្លប់! ខណៈប្ដីត្រូវរថយន្ត (មិនស្គាល់ម៉ាក) បើកទៅបុកស្លាប់ នៅក្រោមស្ពានព្រែសំរោង រថយន្តក៏បើកគេចបាត់ទៀត!
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់បាត់បង់ជីវិត ដោយសាររថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខពេញទំហឹងហើយក៏បន្ថែមល្បឿនរត់បាត់ស្រមោល ហេតុការគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមស្ពានពែ្រកសំរោង តាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ ឃី អាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្រពន្ធនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់ចោលប្រពន្ធនិងកូនប្រុសស្រីតូចៗ ២នាក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-8045 បើកតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក្រោមស្ពានព្រែកសំរោង ក៏ស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) បានបើកមកបុកចំពីមុខពេញទំហឹង ខណៈដែលជិះបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យបុរសម្នាក់ខាងលើស្លាប់បាត់បង់ជីវិត ដោយសារតែបោកក្បាលនិងថ្នល់បែកក្បាលចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបុករួចរថយន្តមិនស្គាល់ម៉ាកនោះ បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ដោយបន្សល់ទុកសពបុរសរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាមកណ្ដាលផ្លូវក្បែរម៉ូតូដែលរងការខូចខាតខ្ទេចមួយកំណត់ មុខយ៉ាងដំណំ ក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះ បានប្រទះឃើញទើបរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកភ្លាមៗផងដែរ។
តាមសម្តីមិត្តភ័ក្ត្រ និងសាច់ញាតិក៏បានរៀបរាប់បានប្រាប់អោយដឹងថា ដំបូងឡើយជនរងគ្រោះ ចេញពីធ្វើការវេលាម៉ោង ៦ល្ងាច ក៏បបួលពួកគាត់ទៅបង់សំណាញ់ដើម្បីយកត្រីមកក្លែម ខណៈពេលដែលបង់បានត្រីហើយក៏នាំគ្នាផឹកស៊ីរហូតដល់ម៉ោង៨យប់ ទើបបែកគ្នាទៅផ្ទះរៀងខ្លួន ហើយជនរងគ្រោះ ក៏បានទៅផ្ទះហើយក៏បានហៅប្រពន្ធ ឲ្យបើកទ្វារ ខណៈ ពេលនោះប្រពន្ធមិនបានបើកទ្វាឲ្យ ទើបកើតចិត្តខឹងប្រពន្ធក៏បើកម៉ូតូចេញមក បំណងទៅផ្ទះសាច់ញាតិ ដោយតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ភ្លាមនោះពួកគាត់ក៏បានជិះចេញមកតាមដែរ តែតាមមិនទាន់ក៏ត្រឡប់ទៅផ្ទះវិញ រួចដើរទៅតេទូរស័ព្ទ ដើម្បីសួរថា ទៅដល់ណាហើយ ស្រាប់តែលឺសំលេងអ្នកផ្សេងជាអ្នកលើកទូរស័ព្ទ ហើយនិយាយប្រាប់ថា ម្ចាស់ទូរស័ព្ឌ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បាត់បង់ជីវិតហើយ។
ដំបូងឡើយពួកគាត់ជាមិត្តភ័ក្ត្រនិងសាច់ញាតិមិនទាន់ជឿឡើយ ហើយក៏ជិះម៉ូតូមកមើល ពិតជាបុរសរងគ្រោះនោះពិតមែន ទើបពួកគាត់ជិះត្រឡប់ទៅប្រាប់ប្រពន្ធបុរសដែលស្លាប់នោះវិញ… លុះពេលប្រពន្ធជនរងគ្រោះ(សព) មកដល់ភ្លាម ក៏ស្រែកទ្រហ៊ោយំស្រែកហៅឈ្មោះប្ដី ប្ដីអើយប្ដី ម៉េចបងទៅចោលអូនចឹង បងមកវិញមកប្ដីសំលាញ់ បងប្អូនអើយជួយប្ដីខ្ញុំផង” រហូតដល់សន្លប់ស្តូកស្តឹង ២ទៅ៣ដង គួរឲ្យអណោចអធម៌ណាស់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ ខណ្ឌមកវាស់វែងនិងធ្វើសំណុំឯកសារប្រគល់សពជូនទៅប្រពន្ធនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតចំណែកម៉ូតូសមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌយកទៅរក្សាទុក ដើម្បីឲ្យសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ យកម៉ូតូទៅវិញ៕ (អត្ថបទរូបភាព ម៉េង)