ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវអន្តរជាតិពី១.៥-២លាននាក់ ខណៈខែ៨ខែ បានជិត១លាននាក់

ភ្នំពេញ៖ យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់ហើយ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ឯកឧត្ដមបានបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា «យោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់»៕