ថ្នាក់ដឹកនាំខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាព ចូលរួមកាន់បិណ្ឌទី១ នៅវត្តព្រះព្រហ្មរត្ន ក្រុងសៀមរាប

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី១ នៅវត្តព្រះព្រហ្មរត្ន នាថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងភូមិមណ្ឌល់១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ ១៥រោច ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីការគោរពថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក លោក អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ ព្រមទាំង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលលោក អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕