ចូលរួមរំលែកទុក្ខ! ឪពុកអ្នកនាង ឆ័យលី ដាឡែន ទទួលមរណភាព កាលពីយប់មិញ ខណៈដែលអ្នកនាង ខាត់ សុឃីម ផ្ញើសាររំលែកទុក្ខមុនគេ!
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខណៈដែលអតីតតារាចម្រៀងស៉ិចល្បីឈ្មោះមួយរូប គឺអ្នកនាង ឆ័យលី ដាឡែន បានជួបទុក្ខជាទម្ងន់ ដោយសារឪពុកបង្កើតរបស់ខ្លួន បានទទួលមរណភាព ក្នុងវ័យ៦៨ឆ្នាំ ទាំងលោកស្ថិតនៅរាងកាយរឹងមាំ មិនទ្រុឌទ្រោមដូចមនុស្សចាស់ធម្មតា។
ឪពុករបស់អ្នកនាង ឆ័យលី ដាឡែន គឺជាម្ចាស់វង់តតន្ត្រីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសកម្មភាពសកម្មចេញភ្លេង មិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្តនៅពេលលោក មឿន ឆៃ ជាឪពុកស្រាប់តែមានដំណឹងគាំងបេះដូងស្លាប់កាលពីយប់ថ្ងៃទី២៧ វិច្ឆិកា កាលពីម៉ោង១០និង២០នាទីនោះ។
អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន ថ្លែងទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ៦៨ធ្វើអោយគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។
អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីរៀបចំបុណ្យសពអោយឪពុកតាមប្រពៃណី ។ អ្នកនាងថាសពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី៣០ វិច្ឆិកា ឆ្នាំ២០១៨នេះ នឹងកំណត់បូជា ដោយអ្នកនាងស្នើអោយសាច់ញាតិបងប្អូន និងតារាសិល្បៈចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្បៈ ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយៈការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង។
នេះបើយោងតាម គណនេយ្យហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ខាត់សុឃីម តារាចម្រៀង និងសម្ដែងដ៏ល្បីមួយរូប ដែលបានរៀបរាប់បង្ហោះ ដោយសេចក្តីក្រៀមក្រំទាំងស្រុងដូច្នេះថា៖ «ប៉ារបស់ប្អូនស្រីឆៃលីដាឡែន ទទួលមរណភាពហើយចូលរួមរំលែកទុក្ខដល់គ្រួសារសពផង សូមអោយពូទៅដល់ឋានសុខ🙏🙏🙏🙏🙏»។
ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រនៅក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ បានចូលរួមរំលែកទុក្ខរបស់លោកជាច្រើននាក់ បន្តបន្ទាប់គ្នា សម្រាប់ការបាត់បង់លោកឪពុកជាទីស្រលាញ់ដូច្នេះ៕ (ដោយ ម៉េង-AhBoYz)