សូមប្រុងប្រយ័ត្ន..! ច្រកទ្វារព្រំដែនអន្តរជាតិ[ដូង]នៃស្រុកកំរៀង កំពុងរងនូវការជន់លិចដោយទឹកហូរធ្លាក់ពីប្រទេសថៃ
(ខេត្តបាត់ដំបង)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ និងដោយសារប្រទេសថៃកំពុងរងនូវជំនន់ទឹកភ្លៀងខ្លាំងផងនោះ អូរនៅតំបន់ព្រំដែនច្រកទ្វារអន្តរជាតិដូង(ឡែម)ស្ថិតនៅក្នុងស្រុកកំរៀងក្នុងខេត្តបាត់ដំបង កំពុងរងនូវការជនលិច ខណៈអាជ្ញាធរបានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់…។
លោក សុខ ដែន អភិបាលស្រុកកំរៀង បានប្រាប់ ហង្សតូច News នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបង្កទៅជាជំនន់ ធ្វើឱ្យជន់លិចអូរព្រំដែន ហើយសម្រាប់ស្រុកកំរៀងទឹកជំនន់បានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៨ ខែកញ្ញាម្សិលមិញមកម្ល៉េះ ខណៈនៅថ្ងៃទី៩ម្សិលមិញ ទឹកចាប់ផ្តើមហក់ឡើងខ្លាំងធ្វើឱ្យលិចផ្លូវឆ្លងកាត់ចំណុចច្រកទ្វារអន្តរជាតិដូង និងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។ ប៉ុន្តែ យ៉ាងណា ទឹកជំនន់នេះមិនទាន់ឈានទៅដល់ការប្រកាសអាសន្ននោះទេ ពោលគឺប្រជាពលរដ្ឋគ្រាន់តែមានការប្រុងប្រយ័ត្នចំពោះក្មេងៗតូច សត្វអសិរពិសផ្សេងៗ និងត្រូវតាមដានស្ថានភាពទឹកជំនន់ជាប់ជាប្រចាំ។
លោកអភិបាលស្រុកកំរៀង បានបញ្ជាក់ថា ជំនន់អូរព្រំដែនក្នុងស្រុកកំរៀងនាពេលនេះ គឺជាទឹកដែលបានហូរស្រុងស្រកចេញពីផ្ទះប្រជាពលរដ្ឋ ក្នុងតំបន់ស្រុកភ្នំព្រឹក និងអូរអន្លក់ ហើយទឹកនេះនឹងស្រកទៅវិញបើមិនមានភ្លៀងធ្លាក់បន្តទេនោះ។ ដោយសារតែប្រទេសថៃកំពុងមានជំនន់ទឹកភ្លៀង ដូច្នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទឹកជំនន់ជន់លិចនៅឆ្នាំនេះ ព្រោះវាក៏អាចកើតមានឡើងជាយថាហេតុបានគ្រប់ពេលផងដែរ…៕