សមត្ថកិច្ចក្រសួងមហាផ្ទៃឆ្មក់បង្ក្រាបទីតាំងលួចបើកអាជីវកម្មល្បែងកាស៊ីណូ ខុសច្បាប់នៅខណ្ឌពោធិ៍សែនជ័យ…

ភ្នំពេញ÷ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូខុសច្បាប់មួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលគេដឹងថា ទើបតែលួចបើកអាជីវកម្មថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ ១១នាក់ ដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ។

ហេតុការកម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃ ឆ្មក់បង្ក្រាបទីតាំងលបលួចបើកអាជីវកម្មល្បែងកាស៊ីណូ ខុសច្បាប់នេះ កើតឡើង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ផ្ទះល្វែងលេខ ២៨J-៣០J បុរី ញូថោន ផ្លូវ១១៣A កែងផ្លូវ C ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃឆ្មក់ចុះបង្ក្រាបនេះ គឺទើបតែលួចបើកដំណើរការអាជីវកម្មថ្មីៗនេះទេ ។

ក្រោយពីមានសេចក្តីរាយការពីប្រជាពលរដ្ឋទៅកាន់សមត្ថកិច្ច ទើបនៅរសៀលថ្ងៃទី៩ ខែកញ្ញា នេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ ១១នាក់ ស្រី ៨នាក់ ទូហ្គេមចំនួន ៤ បៀរ ចំនួន ៣កេស ម៉ូតូ ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ជុំវិញករណីឆ្មក់បង្ក្រាបទីតាំងលបលួចបើកអាជីវកម្មល្បែងកាស៊ីណូ ខុសច្បាប់ នៅចំណុច ផ្ទះល្វែងលេខ ២៨J-៣០J បុរី ញូថោន ផ្លូវ១១៣A កែងផ្លូវ C ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានផងដែរ ។

ចំពោះទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនីតិវិធី៕