មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅកាន់ប្រទេសចិនជាផ្លូវការហើយ
ប៉ៃលិន៖ យោងតាមក្រសួងព័ត៌មាន ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាលគយប្រទេសចិនអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនហើយ មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ០៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន ៧៥កន្លែង និងរោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន ០២កន្លែងផ្សេងទៀត ក៏ត្រូវបានបន្ថែមផងដែរ។
សូមរម្លឹកថា ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ភាគីចិនបានបង្កើតទម្រង់ការងារថ្មី និងបានបញ្ចប់ការវាយតម្លៃហានិភ័យលើត្រីប្រា ដំណាំពោត និងដំណាំមៀននៅកម្ពុជាយ៉ាងមានប្រសិទ្ធភាពដោយតាមរយៈវីដេអូ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន០៣ប្រភេទហើយ ដែលអាចនាំចេញទៅកាន់ប្រទេសចិន រួមមាន ដំណាំចេក ស្វាយ និងមៀន៕