កូនស្រីរបស់លោក សេវ ហ្លញ់ កញ្ញា រម៉ាស់ពើញ ដែលចាកចេញពីផ្ទះបាត់ខ្លួន រយៈពេល៣ខែ បន្ទាប់ពីប្រកាសព័ត៌មាន ពេលនេះបានរកឃើញហើយ នៅទីតាំងលក់ផ្កាមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តរតនគិរី៖ លោក សេវ ហ្លញ់ ដែលជាឪពុករបស់កញ្ញា រម៉ាស់ ពើញ នៅរស់នៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយពីបានប្រកាសជូនដំណឹង ស្វែងរកកូនស្រីឈ្មោះ រម៉ាស់ ពើញ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិ-ឃុំ ខាងលើ។
ជាក់ស្តែង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបញ្ជាក់ថា លោកបានរកកូនស្រីរបស់លោកឈ្មោះ រម៉ាស់ ពើញ ឃើញវិញហើយ។ លោកថា កញ្ញា រម៉ាស់ ពើញ ជាកូនស្រីរបស់លោកត្រូវបានរកឃើញនៅខេត្តបន្ទាយមានជ័យ នៅកន្លែងហាងលក់ផ្កា មួយកន្លែង។
លោក សេវ ហ្លញ់ បានបន្តឲ្យដឹងទៀតថា ក្រោយពីមានសេចក្តីរាយការណ៍ តាមរយៈការផ្សព្វផ្សាយ ព័ត៌មាន” ខ្មែរថ្ងៃនេះ” កាលពីថ្ងៃទី០២ខែកញ្ញានេះ ទើបប្រជាពលរដ្ឋបានប្រទះឃើញហើយក៍រាយការតាមរយះលេខទូរស័ព្ទ របស់លោក【0316666704】។
លោក សេវ ហ្លញ់ ក្រោយពីបានជួបកូនស្រីរបស់ខ្លួននៅខេត្តបន្ទាយមានជ័យនៅទីតាំងលក់ផ្កាមួយកន្លែងលោកថា បុរសឈ្មោះ ពីង ចាក ភេទប្រុសអាយុ៣៤ឆ្នាំ ជាជនជាតិ ចារ៉ាយ រស់នៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រូបនោះក៍បានរត់គេចខ្លួន។ លោកបានបញ្ជាក់ទៀតថា នៅតែរយៈពេលពីរ ទៅបីរថ្ងៃទៀត កូនស្រីរបស់លោកនឹងបន្តដំណើរលួចឆ្លងទៅប្រទេសថៃ ហើយ។
លោក សេវ ហ្លញ់ ក៏បានថ្លែងអំណរអរគុណដល់អ្នកសារព័ត៌មាន ដែលបានជួយផ្សព្វផ្សាយ ជូនដណឹង ដើម្បីស្វែងរកឃើញកូនស្រីរបស់លោកបានត្រឡប់មកផ្ទះវិញ៕