រាល់ថ្ងៃឃើញជិះកង់ហាត់ប្រាណ ចម្លែកថ្ងៃនេះបណ្ដើរកង់ ស្រាប់តែដួលស្លាប់តាមផ្លូវ សង្ស័យខ្យល់គ ទើបបង្កការភ្ញាក់ផ្អើល ពេញមុខក្រសួងរ៉ែនិងថាមពល…!
រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់ បានបណ្ដើរកង់មួយគ្រឿងដើរហាត់ប្រាណ លុះមកដល់មុខក្រសួងរ៉ែនិងថាមពល ស្រាប់ងងឹងមុខ សង្ស័យខ្យល់គ ដេកដួលក្បែរកង់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលឃើញរត់មកជួយសង្គ្រោះដែរ តែអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកពិនិត្យមើលផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៥:៥០នាទីល្ងាច ថ្ងៃអង្គារ៍ ទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ នៅទល់មុខក្រសួងរ៉ែនិងថាមពល ផ្លូវប៉ាស្ទ័រ(ផ្លូប៥១) ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបណ្ដាញព័ត៌មានហង្សតូច ដឹងថានៅមុនពេលកើតហេតុ គេតែងតែឃើញបុរសរងគ្រោះខាងលើ ជិះកង់មួយគ្រឿង ហាត់ប្រាណ ទៅវិញទៅមក ជារាល់ល្ងាចផងដែរ តែនៅវេលាម៉ោងកើតហេតុខាងលើ មិនឃើញបុរសរងគ្រោះជិះកង់ទេ តែឃើញបណ្ដើរកង់ដើរធ្វើដំណើរ ពីជើងទៅត្បូង ស្រាប់តែមកដល់មុខក្រសួងរ៉ែនិងថាមពល ដេកដួលក្បែរកង់ (សង្ស័យខ្យល់គ ស្រាប់ងងឹងមុខ) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជិតខាងឃើញ ក៏នាំគ្នាជួយលើក និងសង្គ្រោះបឋមយកប្រេងកូឡាលាបរឹត និងហៅរថយន្តសង្គ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុដែរ តែជាអកុសលបុរសរងគ្រោះខាងលើ ឡើងស្លេះពេញក្នុងមាត់ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបឃើញមានថ្នាំមួយកញ្ចប់ដែរនៅជាប់ខ្លួនបុរសជនរងគ្រោះ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង រួចធ្វើការព័ទ្ធខ្សែជុំវិញកន្លែងកើតហេតុ ដើម្បីរងចាំសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកពិនិត្យផងដែរ។
បច្ចុប្បន្នសពបុរសរងគ្រោះខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយកំពុងរងចាំសមត្ថកិច្ចផ្នែកកោសល្យវិច័យចុះមកធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុសិន តែបើតាមការប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា សង្ស័យខ្យល់គរ ហើយឡើងស្លេះពេញមាត់តែម្ដង៕ (ម៉េង)