តារាចម្រៀង ឈួន សុវណ្ណឆៃ ទទួលយកមិនបាន ពេលអ្នកម្ដាយជាទីស្រឡាញ់លាចាកលោកគ្មានថ្ងៃត្រឡប់

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងស្រីជើងចាស់ ឈួន សុវណ្ណឆៃ យ៉ាងខ្លាំង ដែលអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ គឺម្ដាយបង្កើតរបស់អ្នកនាងបានទទួលមរណភាព។

នេះបើតាមបណ្ដាញសង្គមរបស់ អ្នកនាង ឈួន សុវណ្ណឆៃ ដែលបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ម៉ែពិតជាដាច់ចិត្តណាស់ទៅចោលកូន ទាំងគ្មានពាក្យលាគ្នាសូម្បីបន្ដិច សូមឱ្យវិញ្ញាណក្ខន្ធរបស់ម៉ែ បានទៅកាន់ទីសុខ សូមជាតិណាៗកូនបានរស់ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ម៉ែគ្រប់ៗជាតិ ហើយសូមជូនដំណឹងដល់ពុកម៉ែបងប្អូនថាសពម្ដាយនាងខ្ញុំបានរៀបចំធ្វើបុណ្យនៅវត្តសំរោងអណ្ដែត ដូច្នេះហើយនាងខ្ញុំក៏សូមអធ្យាស្រ័យពីចម្ងាយផង ដោយក្ដីអនុគ្រោះពីនាងខ្ញុំ ឈួន សុវណ្ណឆៃ»។

ក្រោយដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕