បុរសជាសន្តិសុខយាមនៅក្នុងធនាគារ CIMB bank ត្រូវបានកម្លាំងអង្គរក្សយាមនៅធនាគារដូចគ្នាបាញ់មួយគ្រាប់ បណ្ដាលឱ្យរងរបួស ព្រោះតែទាស់សម្ដីគ្នា
រាជធានីភ្នំពេញ ៖ ករណីទំនាស់ពាក្យសំដីគ្នារវាងជនរងគ្រោះនិងជនសង្ស័យ ដែលជាសន្តិសុខដូចគ្នាតែក្រុមហ៊ុនផ្សេងគ្នា ដោយជនសង្ស័យបានប្រើប្រាស់អាវុធខ្លីបាញ់សំដៅទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវភ្លៅខាងស្ដាំពីមុខធ្លាយទៅក្រោយ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្បែរទីតាំងកេីតហេតុភ្លាមៗ ផ្អេីលកម្លាំងប្រដាប់អាវុធខណ្ឌទួលគោក ចុះអន្តរាគមន៍ ទាំងថ្ងៃ ។
ករណីផ្ទុះអាវុធ(បាញ់បោះសេរី)នេះកេីតឡេីងកាលពីវេលាម៉ោងប្រហែល១១:១៥នាទីព្រឹក ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចក្នុងធនាគារ CIMB ដែលមានទីតាំងផ្ទះលេខ៥៤Z ផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមរបាយការណ៍សមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មានហង្សតូចដឹងថា ជនសង្ស័យជាអ្នកបង្ករឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីយោធាកងយោធពលខេមរភូមិន្ទ និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ011169010 (ពេលធ្វើសកម្មភាពរួចគេចខ្លួនបាត់) បន្សល់ទុកសំបកគ្រាប់អាវុធខ្លី០១គ្រាប់ ស្ថិតនៅខាងមុខបន្ទប់ចំហៀងខាងស្ដាំ ជាន់ផ្ទាល់ដី របស់ការិយាល័យរបស់ធនាគារ CIMB ។
ជនរងគ្រោះឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG Security បានរងរបួសដោយគ្រាប់អាវុធខ្លី០១គ្រាប់ ត្រូវភ្លៅខាងស្ដាំពីមុខធ្លាយទៅក្រោយ (កំពុងសម្រាកព្យាបាលនៅពហុព្យាបាលអង់តែនទួលគោក ) ។
បច្ចប្បន្នកម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាល និងប៉ុស្តិ៍បឹងកក់ទី១ បានសហការជាមួយកម្លាំងការិយាល័យនគរបាល បច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ដើម្បីយកមកផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ដោយបងម៉េង