បង្ក្រាបទីតាំងល្បែងស៊ីសង ជ្រកក្រោមស្លាកអ៉ីនធ័រណេត សង្កាត់បឹងត្របែក នៅភ្នំពេញ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះឆ្មក់បង្រ្កាបល្បែងសុីសងខុសច្បាប់ ជ្រកក្រោមស្លាកអុីនធ័រណេត នៅចំណុចផ្ទះលេខ៦៥ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ទីតាំងនេះ មានការលួចបង្កប់នូវល្បែងសុីសងច្រេីនប្រភេទ ហើយការចុះបិទទីតាំងនេះ គឺមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឡុង សុជាតិ ក្រឡាបញ្ជី រួមជាមួយកម្លាំងអធិការដ្ឋាននរគបាលខណ្ឌចំការមន។
ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានប្រគល់ទីតាំងខាងលេីជូនទៅកម្លាំងអធិការដ្ឋាននរគបាលខណ្ឌចំការមន ដេីម្បីធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន និងដកហូតសម្ភារៈទាំងអស់ និងនាំខ្លួនមនុស្ស២នាក់ យកទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕