ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេតុ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បន្តចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៨ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមលោកឧត្តមសេនីយ៌ត្រី វ៉ែន រ៉ាវឿន ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៏ បានឲ្យដឹងថា បុរសម្នាក់ ដែលជាអ្នកបើកបររថយន្តធុនធំ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រួតពិនិត្យទឹកនោម រកឃើញថា មានប្រើប្រាស់សារធាតុញៀន និងត្រូវឃាត់ខ្លួនទុក តាមនិតិវិធី មិនអនុញ្ញាតឲ្យបើកបរបន្តទៅមុខទៀតឡើយ ។
លោកស្នងការរង បានបញ្ជាក់ថា ក្នុងករណីរកឃើញអ្នកបើកបរមានសារធាតុញៀន ឬមានសេពគ្រឿងស្រវឹង មន្ត្រីនគរបាលនឹងចាប់ឃាត់ទុក មិនឲ្យបើកបរទៅមុខទៀតទេ ដោយតម្រូវឲ្យក្រុមហ៊ុនសាម៉ី ឬអ្នកពាក់ពន្ធ័ រកអ្នកបើកបរថ្មីម្នាក់ទៀត មកបើកបរយានយន្តនោះជំនួស ទើបអនុញ្ញាតបើកបរទៅមុខទៀត ៕