នោះ..! អភិបាលខណ្ឌមានជ័យថ្មី ព្រមានចាត់វិធានការក្ដៅ លើក្រុមអាជីវករលក់ដូរតាមដងផ្លូវ ដែលរឹងរូសមិនស្តាប់ការណែនាំ

(រាជធានីភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹង​​ជាលើកទី២ ប្រាប់ឱ្យម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដែលកំពុងតែលក់ដូរ ដាក់តាំង សម្ភារទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម នៅលើចិញ្ចើម​ផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ​ត្រូវរុះរើ​ចេញជាបន្ទាន់ឱ្យត្រឹមថ្ងៃទី១១ ខែកញ្ញា​។ បើនៅតែមិនព្រមរុះរើអីវ៉ាន់លក់ដូរចេញទៀត នោះអាជ្ញាធរនឹងចុះទៅរុះរើ និងដកហូតសម្ភារដោយមិនទទួលខុសត្រូវនូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បតិ្ត និងសម្ភារផ្សេងៗ​ដែលមាននៅទីតាំងទាំងនោះឡើយ..។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យដែលទើបនឹងផ្លាស់មកពីខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា រាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង។ លោកអភិបាលខណ្ឌមានជ័យ បានសង្កត់ធ្ងន់ដូច្នេះថា៖ «ករណីមានការរារាំង រឹងរូស មិនស្តាប់តាមការណែនាំ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការនីតិវិធីច្បាប់»។ អភិបាលខណ្ឌមានជ័យ បញ្ជាក់បន្ថែមថា ចំណាត់ការនេះ គឺធ្វើឡើងដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ  កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។​

គូសបញ្ជាក់ថា ចំណាត់ការនេះ ត្រូវបានប្រកាសធ្វើឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ អភិបាលខណ្ឌបានសង្ខឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់អាជីវករទាំងអស់ ដើម្បីចូលរួម និងសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ។

ក្រៅពីក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ក្នុងភូមិសាស្ត្រដទៃទៀត ក៏មានការមាមាញឹក​ក្នុងលក់ដូរ​ទំនិញដែលរំលោភលើផ្លូវសាធារណៈផងដែរ ទោះបីអាជ្ញាធរខំស្រែក​ដាក់មេក្រូ​អំពាវនាវឱ្យពលរដ្ឋរក្សាសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ​។ ជាក់ស្តែង ក្នុងខណ្ឌទួលគោក ដែលមានអ្នកលក់ដូរ បន្លែ និងផ្លែឈើ នៅក្នុងផ្សារ​ហៀរលក់ដល់ចិញ្ចើមផ្លូវ​(ក្រៅផ្សារ) ដែលទាំងនេះ​បង្កឱ្យមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ និងមើលទៅលក់បែបគ្មាន​របៀបរៀបរយ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវឡើយ៕