គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ កើតឡើងនៅភាគនិរតីប្រទេសចិន
ចិន៖ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីនៃប្រទេសចិន នៅពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។
គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយប្រហែល៤៣ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត Sichuan ក្នុងជម្រៅ ១០គីឡូម៉ែត្រ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ស្តីអំពីការស្លាប់ និងរបួសណាមួយឡើយ។
អ្នកស្រុកបានប្រាប់ AFP ថា រំញ័របានរាលដាលទៅដល់ទីក្រុង Chengdu នៅក្បែរនោះ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ រួមទាំងទីក្រុង Chongqing ផងដែរ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដី គឺកើតជាធម្មតានៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងតំបន់ភាគនិរតីនៃប្រទេសនេះ។ ហើយកាលពីឆ្នាំ២០០៨ រញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ នៅតំបន់ Wenchuan នៃខេត្ត Sichuan បានឆក់យកជីវិតមនុស្សជាច្រើននាក់ និងបានបង្កការខូចខាតយ៉ាងសម្បើម៕
ប្រភព៖ CNA