សរុបព័ត៌មាន! ករណីផ្ទុះឆេះដេប៉ូប្ដូរហ្គាស បណ្ដាលឲ្យមនុស្ស៧នាក់រងរបួស សមត្ថកិច្ចប្រើប្រាស់ទឹក២០ឡានទើបពន្លត់បានទាំងស្រុង នៅភ្នំពេញ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវលេខ១៩២៨ ហៅផ្លូវសម្តេច ជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ករណីអគ្គិភ័យឆាបឆេះទីតាំងលក់ និងបញ្ចូលហ្គាស។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្តោយឲ្យមនុស្សប្រុសស្រីចំនួន ៧នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។ ម្ចាស់ទីតាំងការ៉ាស់ហ្គាសមានឈ្មោះ ប៉ែន ធារិទ្ធ ភេទប្រុស អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ធ្ងរ ចំណែកឯមនុស្សប្រុសស្រី ចំនួន៦នាក់ ក្នុងនោះ ប្រុស៥នាក់ និងស្រីម្នាក់របួសធ្ងន់ទាំងអស់។
ប្រតិបត្តិការនេះ គឺមានរថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ២២គ្រឿង រួមមាន រថយន្តការិយាល័យ ចំនួន ១២គ្រឿង, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង, រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន១គ្រឿង និងរថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង (អត់បានប្រើប្រាស់)។ មូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការធ្លាយហ្គាសបង្ករជាអគ្គិភ័យ៕