ជនបរទេសរស់នៅកម្ពុជា២ឆ្នាំឡើង អាចស្នើសុំសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរឥតគិតថ្លៃ
ចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០២២តទៅ ជនបរទេសដែលរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប និង ប្រាសាទកោះកែរក្នុងខេត្តព្រះវិហារ ដោយតិតគិតថ្លៃ។ ប៉ុន្តែពួកគេ ត្រូវដាក់ពាក្យស្នើសុំលិខិតចូលទស្សនាដោយមិនគិតប្រាក់នេះដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ និងតាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
យោងតាមសេចក្ដីប្រកាសដដែល ដើម្បីដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះបាន ជនបរទេសទាំងនោះ ត្រូវមានលិខិតឆ្លងដែនថតចម្លងមួយច្បាប់ និងលិខិតបញ្ជាក់ការស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ១ច្បាប់ ព្រមទាំងរូបថត៤គុណ៦ រយ:ពេល៦ខែចុងក្រោយចំនួនមួយសន្លឹក។
សូមជម្រាបថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ មានតម្លៃ ៣៧ដុល្លាររយៈពេល ១ថ្ងៃ និង៦២ដុល្លារសម្រាប់៣ថ្ងៃ ហើយតម្លៃ ៧២ដុល្លារសម្រាប់រយៈពេល១សប្តាហ៍។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអង្គរបានសម្រេចពន្យារពេលឱ្យទេសចរអន្តរជាតិ មានន័យថាសំបុត្ររយៈពេល ១ថ្ងៃអាចដើរកម្សាន្តបាន ២ថ្ងៃ និងមានសុពលភាព ៥ថ្ងៃ។ ចំណែកសំបុត្រ ២ថ្ងៃអាចទស្សនាបាន ៥ថ្ងៃ មានសុពលភាព៥ថ្ងៃ និងសំបុត្រ១សប្តាហ៍ អាចទស្សនាបាន ១០ថ្ងៃ មានសុពលភាព ៣០ថ្ងៃ៕