ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប
ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា បានកើនសមាជិក-សមាជិកាចំនួនជាងបីពាន់នាក់បន្ថែមទៀត និងសូមស្វាគមន៍សមាជិក-សមាជិកាថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល ៧១ ឆ្នាំ គិតចាប់តាំងពីការចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក ហើយថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់នៃមហាគ្រួសារនេះ បានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។ ដូចគ្នានេះដែរ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ បើគិតចាប់ពីថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គឺគណបក្សយើងមិនដែលបោះបង់ចោលប្រជាជនទ្បើយ ហើយបានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងអស់ ដោយមិនគិតអំពីការនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ របស់កម្ពុជា។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង ០២ ឆ្នាំចុងក្រោយនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃមហាគ្រួសារនេះ ក៏បានការពារ និងសង្គ្រោះជីវិតប្រជាជនខ្មែររាប់លាននាក់ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជូនការព្យាបាល ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅ រហូតឈានដល់ការបើកដំណើរការជាប្រក្រតីទ្បើងវិញផ្នែកសេដ្ឋកិច្ច-សង្គម។
ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងទាំងអស់គ្នា ពិតជាមានមោទនភាពចំពោះមហាគ្រួសារមួយនេះណាស់ ហើយនឹងបន្តរួបរួមគ្នាបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជន តាមរយៈការធ្វើអំពីល្អ និងខិតខំប្រឹងប្រែងដុសខាត់នូវជំនាញ និងចំណេះដឹង ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមជាតិ ធានាបាននូវការបើកឱកាសជូនដល់យុវជនយើងពីមួយជំនាន់ទៅមួយជំនាន់ ទាំងឱកាសក្នុងការកសាងសមត្ថភាព និងការកសាងអនាគតតាមរយៈការប្រកបការងារជំនាញនានាទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព បានសេចក្តីថា ជាគណបក្សតែមួយគត់ ដែលតែងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ហើយជោគជ័យរបស់គណបក្សយើងកន្លងមកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ ដូច្នេះ យើងទាំងអស់គ្នាជាសមាជិក-សមាជិការបស់គណបក្ស ត្រូវបន្តការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងកត្ដាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍។ ទន្ទឹមនឹងនេះ មោទនភាពនៃភាពជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិកន្លងមកនេះ គឺជាការផ្ដល់នូវភាពយុតិ្តធម៌ និងសច្ចធម៌យ៉ាងពិតប្រាកដរបស់ប្រជាជន ជូនចំពោះ សម្ដេចតេជោ ដែលបាន និងកំពុងខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ ឈរលើមូលដ្ឋាននេះ ជាបេសកកម្មរួមរបស់យើងទាំងអស់គ្នា គឺយើងត្រូវបន្តការចូលរួមបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ។
ជាមួយគ្នា ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងារគណបក្សថ្នាក់កណ្តាលគ្រប់ថ្នាក់ ព្រមទាំងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នចំណុះ ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើប្រជាជន ដែលបុព្វហេតុដ៏ត្រឹមត្រូវ និងឥតងាករេរបស់គណបក្ស ហើយសូមបន្តសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងកសាងអំពើល្អជាមួយប្រជាជន ព្រោះថានេះគឺជាការតបស្នងសងគុណដ៏កតញ្ញូបំផុតជូនចំពោះប្រជាជន ដែលតែងបានផ្តល់នូវការគាំទ្រ និងបានបោះឆ្នោតជូនគណបក្សយើងគ្រប់ៗអាណត្តិកន្លងមក។