ដាក់ពិន័យកូនសិស្សឱ្យងើបឈរអង្គុយជាង ២០០ ដង មានអីប៉ះពាល់ជើងធ្ងន់ធ្ងរ
ថ្មីៗនេះ មានហេតុការណ៍មួយទៀតហើយនៅប្រទេសថៃ ដែលធ្វើឱ្យមានផ្ទុះការផ្អើល និង ពិចារណាពាសពេញបណ្តាញសង្គម ដោយមានក្មេងប្រុសម្នាក់ ទៅរៀនត្រូវគ្រូដាក់ទោសឱ្យងើបឈរអង្គុយជាង ២០០ ដង រហូតប៉ះពាល់ដល់ជើងធ្ងន់ធ្ងរដល់ថ្នាក់វះកាត់។យ៉ាងណាមិញ បើតាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះគឺជាអ្នកខេត្ត កានចៈនៈបុរី របស់ប្រទេសថៃ កំពុងរៀនថ្នាក់ទី ៣ នៃសាលាបឋមសិក្សាមួយកន្លែងប្រចាំខេត្តរបស់ខ្លួន។ តាមព័ត៌មានកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ គេត្រូវបានគ្រូស្រីមួយរូបប្រចាំសាលា ដាក់ទោសឱ្យធ្វើសកម្មភាពអង្គុយចុះឡើងរហូតដល់ទៅ ២០០ ដងឯណោះ ដែលធ្វើឱ្យគេត្រឡប់មកផ្ទះវិញជាមួយការឈឺចាប់នៅជើង។ការឈឺចាប់នេះមិនបានបាត់ទៅវិញនោះទេ ផ្ទុយទៅវិញក្នុងរយៈពេលត្រឹមមួយសប្តាហ៍វាកាន់តែធ្ងន់ធ្ងរទៅៗរហូតមានការរលាកសាច់ដុំ ហើម ឆ្លងមេរោគពាសពេញ ចុងក្រោយត្រូវចូលវះកាត់ដល់ទៅ ២ ដង ដើម្បីព្យាបាល ធ្វើឱ្យឪពុកម្តាយត្រូវឈប់ការងារអស់ជាច្រើនថ្ងៃ។យ៉ាងណាមិញ ខាងឪពុកម្តាយក៏បានដាក់ពាក្យបណ្តឹងទៅខាងពាក់ព័ន្ធ ដើម្បីឱ្យមានការដោះស្រាយពីសាល ក៏ដូចជារកយុត្តិធម៌ឱ្យកូនប្រុសរបស់ខ្លួនផងដែរ។ក្នុងនោះ ក្រោយពីការវែកញែកស៊ើបសួររកខុសរកត្រូវពីខាងមន្ត្រីពាក់ព័ន្ធអស់ជាច្រើនថ្ងៃ ខាងគ្រូស្រីដែលបានដាក់ទោសក្មេងប្រុសរូបនេះ ក៏បានសម្រេចចិត្តចរចាពិភាក្សាសុំសងសំណងជាងទឹកប្រាក់ចំនួន ១ ០០០ ដុល្លារ ព្រមជាមួយការសុំទោសយ៉ាងអស់ពីចិត្ត។ ចំណែកគ្រួសាររបស់ក្មេងប្រុស ក៏ព្រមទទួលសំណងនេះ រួចក៏បញ្ចប់រឿងដកពាក្យបណ្តឹងរួចរាល់ផងដែរ៕