អ្នកណាខ្លះនៅចាំបានរឿង «ស្រីតូចចង្កៀងកែវ» តោះមកដឹងពីជីវិតបច្ចុប្បន្នរបស់តួប្រុសស្រី ក្រោយបញ្ចាំងចប់ជាង ២០ ឆ្នាំ

អ្នកណាខ្លះនៅចាំបានរឿង «ស្រីតូចចង្កៀងកែវ» ដែលចាក់ផ្សាយក្នុងឆ្នាំ ២០០២? កន្លងទៅជាង ២០ ឆ្នាំហើយ ប្រិយមិត្តមួយចំនួនអាចជាចាំបានខ្លះៗ​ ហើយមួយចំនួនទៀតក៏ភ្លេចសាច់រឿងអស់ទៅហើយ។

រឿង «ស្រីតូចចង្កៀងកែវ» គឺជារឿងភាគថៃមួយដែលល្បីខ្លាំង ជាពិសេសគឺបទចម្រៀងដែលដាក់អមសាច់រឿងបទ «ចៅហ្វាយចាស៎!» ដែលបទថៃ ច្រៀងដោយ Katreeya English ចំណែកឯបទខ្មែរ គឺច្រៀងដោយអ្នកនាង យក់ ថិតរដ្ឋា។ កន្លងអស់ទៅជាង ២ ទសវត្សរ៍ បច្ចុប្បន្នតួសំខាន់ក្នុងរឿងនេះបានប្រែប្រួល ហើយរស់ក្នុងស្ថានភាពបែបនេះ ៖

១. Poh Natthawut

Poh Natthawut បានសម្តែងជាតួនាយ អិដ្ឋកន ឬ លោកចៅហ្វាយ ដែលទទួលបានចង្កៀងកែវពីយាយមេមត់ចម្លែក ហើយក្រោយមកក៏ចាប់ផ្តើមបាក់ចិត្តលង់ស្រឡាញ់នាងតូចក្នុងចង្កៀងនោះ។ បច្ចុប្បន្ននេះ Poh មានអាយុ ៤៧ ឆ្នាំហើយ។ លោកនៅតែជាតារាសម្តែងមានប្រជាប្រិយភាព និង រូបរាងសង្ហាមិនប្រែប្រួល។ Poh បានរៀបការជាមួយតារាសម្តែងស្រី Aey Pornthip នៅឆ្នាំ ២០១២ ហើយមានកូនប្រុស ២ នាក់។

២. Katreeya English

ស្រីតូចមានវេទមន្ត ដែលរស់ក្នុងចង្កៀងកែវ សម្តែងដោយ Katreeya បច្ចុប្បន្ននាងមានវ័យ ៤៥ ឆ្នាំហើយ។ Kat ជាតារាចម្រៀង និង សម្តែងដែលល្បីមួយរូបប្រចាំប្រទេសថៃ ហើយមកទល់ពេលបច្ចុប្បន្ននេះ នាងនៅតែជាតារាជើងចាស់ ដ៏មានឥទ្ធិពលមួយរូបក្នុងសង្គមថៃ មិនថាផ្នែកច្រៀង ឬ សម្តែងនោះឡើយ។ នាងក៏ជាម្ចាស់បទ «ចៅហ្វាយចាស៎!» ថៃ ដែលដាក់ប្រកបសាច់រឿងនេះផងដែរ៕