សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ចាប់ខ្លួនជនជាតិចិន០១នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩) និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីលោក ទី សុវិនថាល លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបនៅចំណុចខាងលើ។
សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ TU SUERONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ។
ចំណែកវត្ថុតាងចាប់យកបាន រួមមាន ៖
-កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម
-រថយន្ត ០១គ្រឿង
-ទូរសព្ទដៃ ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕