ចិនផ្តល់រថយន្តទំនើប១៥០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជាដើម្បីសម្រួលដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា បានធ្វើពិធីប្រគល់ និងទទួលរថយន្តចំនួន១៥០គ្រឿង ដែលជាជំនួយឥតសំណងពីក្រសួងការពារជាតិចិន នៅវិមានឈ្នះឈ្នះ។ រថយន្តទាំង១៥០គ្រឿងនេះ ចិនប្រគល់ឲ្យកម្ពុជា ដើម្បីជួយដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ជំនួយឥតសំណងដែលចិនផ្តល់ឲ្យកម្ពុជានេះគឺធ្វើឲ្យកម្ពុជាមានមោទកភាពជាខ្លាំង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ដូច្នេះថា៖«សម្ភារទាំងនេះ ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន ខណៈក្រសួងការពារជាតិកំពុងត្រូវការបំផុតសម្រាប់បម្រើការងារឲ្យទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសសម្រាប់កម្ពុជាក្នុងការរៀបចំបំពេញតួនាទីដឹកនាំឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។សម្ភារដែលមានតម្លៃនេះ នឹងយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់ ជាមួយកិច្ចការងារជិតសិ្នទ្ធ និងទំនាក់ទំនងការងារប្រវត្តិសាស្ត្រយោធា»។
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបន្តរៀបរាប់ដូច្នេះថា៖«សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ ខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមជាងចិន និងកម្ពុជា»។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិន និងកម្ពុជាជាអ្នកជិតខាងល្អ និងជាដៃគូល្អ ហើយជាគម្រូនៃទំនាក់ទំនងរវាងប្រទេស និងប្រទេសដែលគោរព និងគាំទ្រគ្នាទៅវិញទៅមក។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាននិយាយដូច្នេះថា៖«ចិន និងកម្ពុជាបានកសាងសហគមន៍ ជោគវាសនារួម ចិន និងកម្ពុជាមុនគេ ដែលមានក្របខណ្ឌយុទ្ធសាស្ត្រពង្រឹង និងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ..។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានឈានឡើងដល់កម្រិតកំពូល ភាគីចិនសូមអរគុណដលកម្ពុជាដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ…»៕