អភិបាលខណ្ឌចំការមនចុះបិទទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង និងឃាត់មនុស្សចំនួន៥នាក់ទាំងយប់
(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងអាជីវកម្មឆ្នោតឡូតូ ៨៨៨៨ ដែលត្រូវបានគេស្គាល់ថាជាកន្លែងសុីសងល្បែងភ្នាល់លុយតាមអុីនធើណេត ស្ថិតតាមបណ្ដោយផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ ក្នុងនោះមានប្រុស៤នាក់ ស្រី១នាក់ វេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការនេះ ក៏មានសមាសភាពចូលរួមពីលោក ម៉ម សុភ័ក្ត្រ ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក ផន អូន ជាអធិការរងនគរបាលខណ្ឌ, លោក សុំ សិទ្ធី ជានាយករដ្ឋបាលខណ្ឌ, លោក ហាយ សិទ្ធី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក តុល មេសា ជាតំណាងប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែកផងដែរ។
ក្រោយការចុះបង្រ្កាបនេះ ក្រុមការងារបានសម្រេចបិទទីតាំងអាជីវកម្មខាងលើដែលមានលេខផ្ទះលេខ៣៦ ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន មិនឱ្យមានការបើកទ្វារចេញចូលជាបណ្ដោះអាសន្ន៕