ប្រពន្ធតារាចម្រៀង អាន គុណកូឡា ត្រៀមសម្រាលកូនទី ២ បានផ្តាំទៅស្វាមីដូច្នេះថា
គិតមកដល់ពេលនេះ កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសរូបសង្ហា អាន គុណកូឡា និង ភរិយា មានអាយុជាង ១ ឆ្នាំហើយ ដោយភរិយាលោកបានសម្រាលកូនប្រុសដំបូងជាចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ដោយបានដាក់ឈ្មោះយ៉ាងពីរោះថា បញ្ញា សីហមុនិរាជ ហៅ William។
យ៉ាងណាមិញ ក្រោយពីរៀបការ ២ លើក ដោយលើកទី ១ ជាលក្ខណៈគ្រួសារកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ និង លើកទី ២ បានអញ្ជើញចូលរួមភ្ញៀវច្រើនកុះករកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ និង ទទួលបានចំណងដៃកូនប្រុសច្បងមួយរូបហើយនោះ គិតមល់ខែសីហា ឆ្នាំ ២០២២ នេះ លោក អាន គុណកូឡា និង ភរិយា ក៏កំពុងតែត្រៀមទទួលស្វាគមន៍សមាជិកមួយរូបទៀត ដែលជាកូនប្រុសទី ២ របស់លោកនៅខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
ស្របពេលកៀកថ្ងៃសម្រាល ភរិយារបស់លោក អាន គុណកូឡា ដែលត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែង និង តារាបង្ហាញម៉ូដ អ្នកនាង សេក ថារ័ត្ន ហៅ ស្រីខួច ក៏បានបង្ហោះសារមួយផ្តាំទៅស្វាមីឱ្យស្រឡាញ់ភរិយាចេញពីបេះដូង មិនមែនមើលត្រឹមតែភ្នែក ពោលគឺអ្នកនាងចង់មានន័យថា អ្នកនាងទើបតែពពោះសម្រាលកូនប្រុសច្បងបានជាង ១ ឆ្នាំ និង ត្រូវពពោះកូនទី ២ ទៀត ដែលមិនអាចមើលថែសម្រស់ខ្លួនឯងបានឱ្យស្អាតនោះឡើយ។
ភរិយាលោក អាន គុណកូឡា បានផ្តាំទៅស្វាមីដូច្នេះថា ៖ «ក្លាយជាប្តីប្រពន្ធនឹងគ្នា សូមឱ្យការស្រឡាញ់របស់អ្នកកុំមើលដោយភ្នែក សូមប្រើបេះដូងមើល អ្នកនឹងមានក្តីសុខពិតប្រាកដ។ ប្រពន្ធអ្នកអាចមិនស្អាតដូចកាលពីគ្រាមុន ក៏ព្រោះតែការលះបង់ពលីជីវិត លះបង់រូបកាយឆោមឆាយ ដើម្បីពពោះបង្កើតកូនឱ្យអ្នកដើម្បីឱ្យអ្នក និង រូបនាងមានគ្រួសារពេញលេញដូចគេ។ បន្ទាប់មកទៀត រវល់តែថែទាំកូន និង គ្រួសារគ្មានពេលវេលាឯណាទៅមើលថែទាំសម្រស់ខ្លួនឯងទៀតទេ»៕