សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រីក្រសួង​វប្ប​ធម៌ ចាត់​វិធាន​រឿង​កម្មវិធី​ប្រឡង​សម្រស់ Miss Grand Cambodia

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​ទៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិនិត្យ​ និង​ចាត់វិធានការ​ណាមួយ ជុំវិញ​កម្មវិធី​ប្រកួត Miss Grand Cambodia​។

ថ្លែង​ចេញពី​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០២​បន្ថែម​ទៀត ដែល​​មាន​តម្លៃ​សរុប​ជាង ៤៦​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ សម្តេច​តេ​ជោ បាន​ប្រាប់​ទៅ​លោក​ជំទាវ បណ្ឌិត​​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ថា ​ត្រូវ​ពិនិត្យ​មើល​ការ​ប្រកួត​​នេះ ម៉េច​ទៅ​បេ​ក្ខ​នារី​​ទៅ​ស្រែក និង​ការ​ស្លៀកពាក់​ផង​ដែរ​។

សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏សុំឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអាបវរកញ្ញាស្អីនែ! រួចស្រែកទ្រឺតៗ … ខ្ញុំមិនវាដឹងថា ដោយសារតែរឿងស្អី រឿងវាច្រើនពេក។ ឃើញគេបង្ហោះចុះ បង្ហោះឡើង។ មើល៌ សុំហៅគ្នាមកធ្វើការមើល៌ រឿងហ្នឹងយ៉ាងម៉េចបានវាទៅអ៊ីចឹង។​ តំណាង (ក្រុង)​ បាវិត តំណាងប៉ោយប៉ែត សុទ្ធតែល្បែង។​អាហ្នឹងគ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់គឺស្រែកអាឡេអាឡូពេញទឹកពេញដី។ អាហ្នឹង គឺជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ»។ សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ថ្ងៃក្រោយសុំឱ្យមើលរឿងហ្នឹងឡើងវិញតិច។

យ៉ាងណាមិញ សម្តេច​តេ​ជោ បញ្ជាក់​ច្បាស់​ៗ​ថា សម្រាប់​បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ប្រកួត​គឺ​អត់​មាន​កំហុស​អ្វី​នោះ​ទេ ពាក់ព័ន្ធ​ការ​ស្លៀកពាក់​ និង​កាយវិការ​ស្រែក​ខ្លាំង​អី​នោះ ព្រោះ​បេ​ក្ខ​នារី គ្រាន់តែ​ស្លៀកពាក់​តាម​អ្វី​ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​រៀបចំ​តែ​ប៉ុណ្ណោះ​។ សម្តេច​ក៏​បាន​លើក​ចំ​ៗ​ថា តួយ៉ាង​ឈុត​​ដែល​បេ​ក្ខ​នារី​មក​ពី​ខេត្តស្ទឹងត្រែង បាន​ស្លៀក ក៏​មាន​ប្រតិកម្ម​ពី​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ផង​ដែរ ដូច្នេះ​ក្រសួង​វប្បធម៌​គួរ​ពិនិត្យ និង​គួរតែ​មាន​ធ្វើការ​លើ​រឿង​នេះ​ភ្លាម​ៗ​។

«ខ្ញុំមិនថាខុសត្រូវ យ៉ាងម៉េចទេ។ ក៏ប៉ុន្តែ មតិមហាជនគឺសម្តែងនូវការសោកស្តាយ។ យើងត្រូវស្តាប់នូវសម្លេងនេះផង ត្រូវស្តាប់នូវសម្លេងនេះផង ហើយធ្វើការកែតម្រូវ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ លើបេក្ខនារីដែលបានចូលរួមប្រឡងកន្លងមករងការរិះគន់ដូចទឹកបាក់ទំនប់នោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា​បន្តថា «ក្មួយៗ ដែលជាអ្នកទៅសម្តែង អត់មានកំហុសទេ ព្រោះគេឱ្យសម្តែងម៉េច គឺត្រូវតែសម្តែងអ៊ីចឹង។ អត់មានកំហុសទេ គេឱ្យស្លៀកអី ត្រូវតែស្លៀកតាមគេអ៊ីចឹង បើមិនស្លៀកតាមគេ វាមិនត្រូវស្តង់ដាប្រកួត អ៊ីចឹងវាអត់ខុសក្មេងៗទៅប្រកួតទេ វាខុសអ្នកចាត់ការ អ្នកដឹកនាំ»។

សូម​បញ្ជាក់​ថា រឿង​ឈុត​សម្លៀក​បំពាក់​របស់​កម្មវិធី Miss Grand Cambodia រង​ការ​រិះគន់​ច្រើន​ជាង​សរសើរ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ជា​ពិសេស​គឺ​ឈុត​រ៉ូ​ប​ស្រមោល​ស ដែល​បងប្អូន​ខ្លះ​បាន​លើក​ឡើង​ថា ឆែក​ខ្លាំង​សឹង​លេច​កេរ្តិ៍​ម៉ែ​ចែក​ឱ្យ និង​ខ្លះ​ទៀត​ក៏​រិះគន់​ធ្ងន់​ៗ​ជាង​នេះ​ក៏​មាន​ផង​ដែរ​។ ក្នុង​​នោះ ក៏​មាន​ឈុត​របស់​ស្រី​ស្រស់​ម្នាក់​ដែល​សិច​ស៊ី​ខ្លាំង​ពេក រហូត​រដ្ឋបាល​ខេត្តស្ទឹងត្រែង បដិសេធ​ការ​​បង្ហាញ​ឈុត​តំណាង​ខេត្តស្ទឹងត្រែង​ របស់​កម្មវិធី Miss Grand Cambodia ថា ឈុត​ដែល​តំណាង​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សម្លៀក​បំពាក់​ប្រពៃណី នៅ​ក្នុង​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​នោះ​ទេ​៕