ដេញបង្ក្រាបករណីគ្រឿងញៀន ហើយនៅពេលនោះ ក្រុមជួញដូរគ្រឿងញៀន បានបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច ក៏បានបាញ់តបតទៅវិញ ដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់ម្នាក់ និងរងរបួសម្នាក់ និងចាប់ខ្លួនបានពីរនាក់ នៅភ្នំពេញ
ភ្នំពេញ៖ ហេតុការណ៍ផ្ទុះអាវុធរវាង ក្រុមជួញដូរគ្រឿងញៀន ជាមួយនឹងសមត្ថកិច្ចជំនាញនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្បែរកំពង់ចម្លងស្វាយជ្រុំ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានដេញបង្ក្រាបករណីគ្រឿងញៀន ហើយនៅពេលនោះ ក្រុមជួញដូរគ្រឿងញៀន បានបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច ។ ពេលនោះ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ក៏បានបាញ់តបតទៅវិញ ដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់ម្នាក់ និងរងរបួសម្នាក់ និងចាប់ខ្លួនបានពីរនាក់ ។ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យមានប្រជាពលរដ្ឋបីនាក់ បានរងរបួសផងដែរ។
ករណីខាងនេះ ជាករណីបង្ក្រាបគ្រឿងញៀន ដោយកម្លាំងមន្ទីរបង្ក្រាបគ្រឿងញៀន ការិយាល័យ ក៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ រហូតក្តាប់មុខសញ្ញាបាន និងដេញតាមរហូតដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនសង្ស័យ ដែលមានគ្នា បួននាក់ ដែលជាជនជាតិថៃ បន្ទាប់ពីពួកគេ បានដឹងថា សមត្ថកិច្ចដេញតាម ភ្លាមៗនោះ ក្រុមជួញដូរគ្រឿងញៀន បានបាញ់ជាច្រើនគ្រាប់មកលើសមត្ថកិច្ច ។ ពេលនោះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ក៏បានបាញ់តបតទៅវិញ ដើម្បីការពារខ្លួន ហើយបានបង្ក្រាបដោយជនសង្ស័យស្លាប់ម្នាក់ និងរបួសម្នាក់ និងឃាត់ខ្លួនបានពីរនាក់ ។
ជនសង្ស័យចំនួន បួននាក់ (ជនជាតិថៃ) រួមមានៈ ១.ឈ្មោះ នំ ម៉ាឡាគុណ (ចាប់ខ្លួន) ភេទប្រុស អាយុ ៣៤ ឆ្នាំ , ២.ឈ្មោះ សែប សុីសែនសុ៑ក (ចាប់ខ្លួន) ភេទប្រុស អាយុ ២៥ ឆ្នាំ , ៣.ឈ្មោះ ជេម (ស្លាប់) ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ និង ៤.ឈ្មោះ ណាកូ (របួស)ភេទប្រុស អាយុប្រហែល ៤៤ ឆ្នាំ ។ ក្នុងការបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀននោះ ក៏បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន បីនាក់ បានរងរបួស ក្នុងនោះស្រី ពីនាក់ និងបុរសម្នាក់ ហើយជនរងគ្រោះ កំពុងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះហើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ច នៅទីកន្លែងកើតហេតុ បានឱ្យដឹងអំពីដំណើររឿងនេះថា នេះជាករណីស្រាវជ្រាវ បង្ក្រាបបន្ត របស់មន្ទីរប្រឆាំងគ្រឿងញៀន ក៥ ។
ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន DMA ក្រាម ពណ៌ត្នោត ចំនួន ៣០ ដុំ និងគ្រឿងញៀន កេតាមីន ចំនួន ១២ ដុំ និងរថយន្ត ពីរគ្រឿង (១.រថយន្តម៉ាក MC ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL 7217 និង២.រថយន្តម៉ាក ហ្វ៑ត ពាក់ស្លាកលេខ ភ្នំពេញ 2BO 0123) (តាមការពិនិត្យ របស់នគរបាលបច្ចេកទេស) ព្រមទាំងវត្ថុតាងមួយចំនួនផ្សេងទៀត។
ជនសង្ស័យ និងវត្ថុតាងនេះ ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) នៃអគ្គស្នងការនគរបាលជាតិ ៕