តុលាការខេត្តស្ទឹងត្រែង ចោទប្រកាន់មន្ត្រីយោធាម្នាក់ ពីបទហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់ ដាក់ពន្ធនាគារ ក្រោយពីមន្ត្រីយោធា បាញ់ប្រពន្ធធ្លាយពោះពីខាងឆ្វេង និងជើងម្ខាងរងរបួសធ្ងន់ នៅស្ទឹងត្រែង
ស្ទឹងត្រែង: តុលាការខេត្តស្ទឹងត្រែង បានចោទប្រកាន់មន្ត្រីយោធាម្នាក់ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់អាវុធខុសច្បាប់ដាក់ពន្ធនាគារ ក្រោយពីមន្ត្រីយោធា រូបនោះបាញ់ប្រពន្ធធ្លាយពោះពីខាងឆ្វេងនិងជើងម្ខាងរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២ ។
ករណីប្រើប្រាស់អាវុធនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែសីហានៅចំណុចខ្ទមចាំចម្ការស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ជនសង្ស័យជាប្ដីដែលបាញ់ត្រូវប្រពន្ធរបស់ខ្លួន ឈ្មោះ វ៉ៃឆោម អាយុ ៧១ ឆ្នាំមុខរបរជាមន្ត្រីយោធា បម្រើការងារនៅវីរៈ ៣៨២ នៃកងពលធំអន្តរាគមន៍លេខ ៣ និងមានស្រុកកំណើតនៅ ភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។
ចំណែកប្រពន្ធឈ្មោះ ពាន បូវៀន អាយុ ៤៤ ឆ្នាំជាជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តនិងបន្តទៅព្យាបាលនៅខេត្តសៀមរាប។
មូលហេតុនាំឲ្យបង្កអំពើហិង្សាទៅលើប្រពន្ធ នេះដោយសារប្ដី តាមទាន់ប្រពន្ធកំពុងសាងស្នេហ៍ជាមួយប្រុសថ្មី នៅលើខ្ទមចម្ការ ។
ក្រោយ ហេតុការណ៍បុរសជាប្ដីមិនបានរត់គេចខ្លួនទេ គឺបានទៅសារភាព ប្រគល់ខ្លួននឹងប្រគល់កាំភ្លើងខ្លីK 54 លេខសម្គាល់ ១៣៦០ ជូនសមត្ថកិច្ច នគរបាលស្រុកសៀមប៉ាងក្រោយពីដឹងថាខ្លួនបង្កកំហុសនិងសុខចិត្តទទួលទោសចំពោះមុខច្បាប់។ ទាក់ទងរឿងនេះសមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណបុរសសាងស្នេហ៍ជាមួយប្រពន្ធគេនោះទេ៕