នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមអបអរសាទរជ័យជម្នះរបស់បេក្ខជន លីម តិចម៉េង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បន្ថែមពីលើការទទួលបានការអបអរសាទរពីសំណាក់អ្នកគាំទ្ររាប់សែននាក់ បេក្ខជន លីម តិចម៉េង ក៏ទទួលបានការអបអរសាទរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
តាមរយៈសារបង្ហោះសារក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរបេក្ខជន លីម តិចម៉េង ដែលបានក្លាយជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទីបួន ដូច្នេះថា៖ «សូមអបអរសាទរចៅលីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។
លីម តិចម៉េង ជាបេក្ខជនមកពីខេត្តកំពង់ចាម ស្រុកជាអ្នកឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ តិច ម៉េង ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនរាប់មឺននាក់ដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទីបួន ដែលមានគណកម្មការវាយតម្លៃសមត្ថភាពបេក្ខជនរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធិ លោក ឆន សុវណ្ណរាជ និងកញ្ញា សុខ សីឡាលីន។ ចាប់តាំងពីវគ្គLive Show បេក្ខជនទទួលបានសារគាំទ្រពីសំណាក់គណកម្មការទីប្រាំ គឺបងប្អូនពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ញើសារគាំទ្រ។ បេក្ខជនបួនរូបចុងក្រោយដណ្តើមពាន រួមមាន លីម តិចម៉េង, ថុល សិភិទិ, នាង ដាវីន និងបេក្ខជន សឹម ចន្ទពន្លឺ ហើយ លីម តិចម៉េង ជាបេក្ខជនម្នាក់គត់ដែលទទួលបានសារគាំទ្រច្រើនជាងបេក្ខជនចុងក្រោយបីរូបផ្សេងទៀតនៅយប់នេះ៕