កាស៊ីណូ(សុខ គឹមម៉េង)ច្រកទ្វេភាគីតន់ហន់ កំពត ហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្រ្កាប
ខេត្តកំពត ៖ ទីតាំងល្បែងសុីសងបញ្ចល់មាន់និងអាប៉ោង ខុសច្បាប់ និងល្បែងគ្រប់ប្រភេទផ្សេងទៀត កំពុងបើកដៃឲ្យពលរដ្ឋនាំគ្នាចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ជ្រកក្រោមស្លាក កាស៊ីណូ(សុខ គឹមម៉េង) នៅចំណុច ច្រកព្រំដែនកម្ពុជា-វៀតណាម តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានហាមឃាត់ឬបង្ក្រាបនោះទេ។
ក្រោយមានប្រជាពលរដ្ឋជាច្រើនសន្ធឹកសន្ធាប់ បានចូលលេងនៅទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ មហាជនបង្ហាញនូវក្ដីព្រួយបារម្ភ កើតមានបញ្ហាលួច ឆក់ ប្លន់ អសន្ដិសុខកើតមានឡើងដោយសារតែទីតាំងល្បែងមួយនេះ។ សំនួរសួរថា ប្រសិនបើកាស៊ីណូនេះមានច្បាប់ ម្ដេចបានជាមិនគោរពច្បាប់សោះ បែរជាបើកដៃរឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបានយ៉ាងពពាក់ពពូនបែបនេះ តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនមានការទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងមួយនេះ ឬមានអ្វីបិទបាំងនៅពីក្រោយខ្នង។
ជារៀងរាល់ថ្ងៃទីតាំងល្បែងសុីសងមួយនេះ បានបង្កើតព្រឹត្តិការណ៍ល្បែងបញ្ជាល់មាន់និង អាប៉ោងខុសច្បាប់ និងល្បែងគ្រប់ប្រភេទទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាលេងល្បែងយ៉ាងរំភើយ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បន្ដិចសោះឡើយ។ ពលរដ្ឋខ្លះបានលក់ដីលក់ផ្ទះសម្បែង ខណៈពេលចាញ់ល្បែងអស់ពីខ្លួន ដោយសារលេងល្បែងនៅក្នុងកាស៊ីណូមួយនេះ។
កន្លងមកគេឃើញមានភ្នាក់ងារ កាស៊ីណូ មួយនេះបានចេញមកដើម្បីសម្របសម្រួលជាមួយអ្នកសារព័ត៌មាន ដើម្បីជាថ្នូរមិនចុះផ្សាយព័ត៌មាននឹងដើម្បីលាក់បាំងពីភ្នែកមហាជនតាមរយៈសារព័ត៌មាន។ ប្រសិនបើមានអង្គភាពសារព័ត៌មានណាហ៊ានតែចុះផ្សាយបញ្ហាប្រជាពលរដ្ឋខ្មែរចូលលេងល្បែង គេនឹងគម្រាមប្ដឹងអ្នកសារព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ដើម្បីចាត់ការជាក់ជាពុំខានឡើយ។
ករណីខាងលើនេះ មហាជនសូមសំណូមពរដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាពិសេស លោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត មេត្តាពិនិត្យទីតាំងល្បែងស៊ីសងខាងលើនេះផង កំពុងតែប្រព្រឹត្តទង្វើផ្ទុយពីផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ៕