សង្វៀនជន់មាន់របស់ជនជាតិវៀតណាម ចូលហ៊ុនជាមួយខ្មែរ នៅស្រុកកំពង់ត្របែក ចាប់ផ្តើមបើកលេងវិញ ក្រោយបិទមួយរយៈពេលខ្លី
ខេត្តព្រៃវែង៖ ក្រោយពីបិទបានមួយរយៈខ្លី
ពេលនេះសង្វៀនជល់មាន់របស់ជនជាតិវៀតណាម ចូលហ៊ុនជាមួយជនជាតិខ្មែរ នៅស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកដំណើរការឡើងវិញស្វាគមន៍អ្នកញៀនល្បែងស៊ីសង ចូលទៅលេងណែនណាន់តាន់តាប់ ខណៈដែលសមត្ថកិច្ចស្រុកកំពង់ត្របែកសម្ងំស្ងាត់ឈឹង មិនបង្រ្កាបសោះ។
កាលពីថ្ងៃទី៣ខែមិនាឆ្នាំ២០២២ ភ្នាក់ងារព័ត៌មានយើង បានចុះទៅដល់ទីតាំងល្បែង ស៊ីសងនេះផ្ទាល់ តាមសេចក្តីរាយការណ៍របស់ពលរដ្ឋផ្តល់ ពេលទៅដល់ទីតាំង បានឃើញថាសង្វៀនបញ្ជល់មាន់នេះ ពិតជាបានបើកដំណើរលេងឡើងវិញមែន ដោយមានអ្នកញៀនល្បែងស៊ីសងទាំងជនជាតិខ្មែរ និងវៀត ណាម ពពាក់ពពូនគ្នា បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់រាប់សែន រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។
សេចក្តីរាយការណ៍របស់ពលរដ្ឋ បានបញ្ជាក់បន្ថែម ថា ទីតាំងល្បែងស៊ីសងនេះ ទើបតែបើកដំណើរការឡើងវិញ៣- ៤ថ្ងៃប៉ុណ្ណោះ ក្រោយ ពីបិទមួយរយៈខ្លីក្នុងបរិបទឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ តែយ៉ាងណា ពេលចាប់ផ្តើមបើកដំណើរការឡើងវិញនេះ គេសង្កេតឃើញមានក្រុមអ្នកញៀនលែ្បងស៊ីសង សម្រុកនាំគ្នាទៅលេងយ៉ាងច្រើនកុះករ។
ប្រជាពលរដ្ឋមានការព្រួយបារម្ភ ភាពអសន្តិសុខ អំពើហិង្សាក្នុងគ្រួសារ បទល្មើសចោរកម្ម បទល្មើសផ្សេងៗជាច្រើនទៀត ផ្លូវអបាយមុខដែលនាំអន្តរាយ ក៍ដោយសារល្បែងនេះឯង ពួកគាត់ពិតណាស់មានការភ័យខ្លាច។
ជុំវិញបទល្មើសល្បែងស៊ីសងនេះ អង្គភាពសារព័ត៌មានយើង នៅមិនទាន់សុំការបញ្ជាក់ពីម្ចាស់ទីតាំងខាងលើ និងលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបាននៅឡើយទេ ដោយហេតុថា គ្មានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង អង្គភាពយើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ៕