ឈ្មួញ​បំផ្លាញព្រៃឈើលោកស្រីឡេង ធារ៉ា ឃុបឃិតជាមួយជំនាញឈូសផ្លូវ២ចូលព្រៃព្រះរការ ក្បែរកងពលតូចលេខ៩ ដើម្បី​កាប់ឈើយកមកស្តុកទុកនៅទីបញ្ជាការស្រាល

ខេត្តព្រះវិហារ ៖ ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ព្រៃព្រះរការ កំពុង​តែ​រលាយ​ហិនហោច​ដោយសារ​តែ.ក្រុម​ហ៊ុន​ដោន បាន​ឃុបឃិតគ្នា​ជាមួយ​មន្រ្តី​បរិស្ថាន. និង​មេព្រៃ​ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ បើកភ្លើង​ខៀវ​ឲ្យលោក​ស្រី​ ឡេង​ ធា​រ៉ា​ ជាឈ្មួញឈើចូលកាប់ឈើដែលជាសម្បត្តិរដ្ឋ ដោយឥតខ្លាចញញើតច្បាប់។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ចាប់ផ្តើមកក្រើកឡើងវិញ ក្រោមការឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ឋ ដែលមាន ឈ្មោះលោកស្រី ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន ធ្វើផ្លូវចូលក្នុងព្រៃព្រះរការ ចំនួន២ខ្សែ ដើម្បីកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏បានឲ្យលោក មោក វិច្ឆិកា ដើរតួជាអ្នកបិទមាត់ព័ត៌មាន គ្រប់គ្នាក្នុងខេត្តព្រះវិហារ ។


យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីដេប៉ូឈើរបស់ អុិន ស្រីម៉ៅ បានផ្អាកមួយរយះសិន លោកស្រីឡេង ធារ៉ា ខិតខំឃុបឃិតគ្នាឈូសផ្លូវចូលព្រៃព្រះរការ ក្រោយក្រុមហ៊ុនដោន និងកងពលតូចលេខ៩ ដោយបានឈូសបុកចូលចំនួន២ច្រក ដើម្បីត្រៀមកាប់បំផ្លាញឈើពីព្រៃព្រះរការ ដែលជាតំបន់អភិរក្ស និងជាធនធានសម្បត្តិជាតិដ៏សំខាន់ យកឈើមកស្តុកទុកនៅទីបញ្ជាការស្រាល ក្នុង​កងពលតូច​លេខ៩។
ពាក់ព័ន្ឋនិងការចោទប្រកាន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ.និងបរិស្ថាន ខេត្តព្រះវិហារ បានព្រងើយបន្តើយ និងការថែរក្សាអភិរក្ស ព្រៃឈើ ដោយពុំមានវិធានការក្នុងការបង្រ្កាប បណ្តែតបណ្តោយឲ្យមានការកាប់រុករានទន្ទ្រានព្រៃឈើជាច្រើនកន្លែង ជាពិសេសព្រៃព្រះរការ អង្គភាពសារព័ត៌មានយើង ព្យាយាមខលទៅលោក នួន សុខុម នាយខណ្ទរដ្ឋបាលព្រៃឈើ ព្រះវិហារ តែគួរឲ្យសោមស្តាយ ទូរស័ព្ទចូលហើយបែរជាពុំមានអ្នកទទួល។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃ្លាំមើលសកម្មភាព ការអភិរក្សធនធានសម្បត្តិរដ្ឋ បានសំណូមពរឲ្យលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយចុះត្រួតពិនិត្យព្រៃព្រះរការ នៅក្រោមក្រុមហ៊ុនដោន ក្បែរកងពលតូចលេខ៩ នេះផង ដោយសារតែក្នុងអណត្តិលោកអភិបាលខេត្ត បទល្មើសព្រៃឈើកើនឡើងជាលំដាប់ ដើម្បីទុកដើមឱ្យកូនចៅជំនាន់ក្រោយមើល សូមមេត្តាជួយចាត់វិធានការបង្រ្កាបផងទាន។