សង្វៀនជល់មាន់មួយកន្លែងនៅខេត្តរតនគិរី កំពុងបើកលេងជារៀងរាល់ថ្ងៃតែសមត្ថកិច្ចសម្ងំស្ងាត់ឈឹង
ខេត្តរតនគិរី÷រាល់ថ្ងៃនេះកំពុងតែល្បីខ្លាំងថាទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិថ្មី ឃុំទីនចាន់ ស្រុកបកែវ ខេត្តរតនគិរី បើកលេងជារៀងរាល់ថ្ងៃ(ពោល គឺមួយសប្តាហ៍លេង៧ថ្ងៃតែម្តង)តែមិនមានសមត្ថកិច្ចណាម្នាក់រវល់អើពើរធ្វើការបង្ក្រាបឡើយ។
បើយោងតាមប្រភពព័ត៌មានដែលបានផ្តល់អោយកាលពីថ្ងៃ១៣ ខែមករា ឆ្នាំ២០២២នេះបានអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះដែលគេស្គាល់ច្បាស់ថាមានមន្ត្រីម្នាក់មានឋាន:ធំគ្រាន់បើដែរជាអ្នករត់ការដើម្បីបើកលេងល្បែង បានជារៀងរាល់ថ្ងៃ ដោយមិនមានសមត្ថកិច្ចណាម្នាក់បង្ក្រាបឡើយ ព្រោះគេនិយាយគ្នាត្រូវអស់ហើយ ទន្ទឹមនឹងនោះក៏មានអ្នកសារព័ត៌មានម្នាក់សុំមិនបញ្ចេញឈ្មោះដែលនៅចាំរៀបចំជាកញ្ចប់ជូនផងដែរ។
ក្នុងនោះដែរក៏មានការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានលើកឡើងនៃការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់ព្រោះគាត់គិតថាបើទីតាំងណាមានបើកលេងល្បែងស៊ីសងទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។
ជុំវិញករណីល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងក៏រាយការណ៍ជូនលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីផងដែរដោយលោកបានលើកឡើងថាទីតាំងមួយនេះកន្លងមកលោកធ្លាប់បញ្ជាស្នងការរងចុះបង្ក្រាបបិតម្តងមកហើយតែបើនៅមានទៀតចាំលោកនឹងបញ្ជាទៅអធិការស្រុកបកែវម្តងទៀតដើម្បីឈានដល់ការបង្ក្រាប។
ដូច្នេះក៏សូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសស្នងការនគរបាលខេត្តរតនគិរីសូមមេត្តាមានវិធានការបង្ក្រាបនឹងទប់ស្កាត់ដើម្បីរក្សាអោយបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនឹងដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងទាន៕