ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ នគរបាល និង ខម បេីកបរឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់បញ្ជាការឯកភាពខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តដាក់គោលដៅត្រួតពិនិត្យ បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ ពង្រឹងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង នៅចំណុចមុខឃ្លាំងដែក ផ្លូវ២៧១ ភូមិ៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
បេីតាមមន្ត្រីនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ដោយមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ទេីបកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់ និយាយរួមគឺបងប្អូនប្រជាជនដែលធ្វើដំណើរតាមមធ្យោបាយនានា ឆ្លងកាត់ទឹកដីខណ្ឌមានជ័យ ចេញចូលមករាជធានីភ្នំពេញ ឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យអ្នកបេីកបរនិងអ្នករួមដំណេីរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហេីយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ហេីយការចុះដាក់គោលដៅត្រួតពិនិត្យយប់នេះធ្វេីឡេីង បានប្រេីសរុបចំនួន ៤៦នាក់ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ក្នុងនោះមាន ៖ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ២៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ ជឹម សុភក្ត្រ័ អធិការរង កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ០៨នាក់ ដឹកនាំដោយវរសេនីយ៍ត្រី យុទ្ធ នី បញ្ជាការរងអាវុធហត្ថខណ្ឌមានជ័យ ។
ជាលទ្ធផលក្នុងការត្រួតពិនិត្យ រថយន្តឆ្លងកាត់ ៣២គ្រឿង, ម៉ូតូឆ្លងកាត់ចំនួន៥៨គ្រឿង ចំណែកឯគ្រឿងញៀន និងអាវុធជាតិផ្ទុះ មិនមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ ។ ការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង០៩:៣០នាទីថ្ងៃខែឆ្នាំដដែល៕