សំណងអ្វីក៏មិនទាន់បាន… ប្ដីអាចពិការភាព១ជីវិត រីឯប្រពន្ធបែកក្បាល នឹងបាក់ភ្លៅទាំងសង្ខាង បន្ទាប់ពីត្រូវស្ត្រីមួយក្រុម បេីករថយន្ត Highlander ទៅបុកកង់បីឥណ្ឌាខ្ទេចស្ទេីរតែទាំងស្រុង ហេីយបន្តទៅបុកទម្លុះរបងសាលមហោស្រពចតុមុខ
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ស្ត្រី៣នាក់ទេីបចេញពីផឹកជាមួយគ្នា បានបេីករថយន្ត Highlander រេចង្កូតចូលគន្លងម្ខាងទៀតទៅបុកកង់បីឥណ្ឌា បណ្ដាលឲ្យបុរសស្ត្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ហេីយរថយន្តបន្តទៅបុកទម្លុះរបងសាលមហោស្រពចតុមុខ បាក់អស់មួយប្រឡោះ និងរថយន្តខ្ទេចមួយកំណាត់មុខ ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលនេះកេីតឡេីងកាលពីម៉ោង១១:១០នាទីយប់ ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមុខសាលមហោស្រពចតុមុខ ផ្លូវស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ដំណេីររឿងហេតុ នៅមុនពេលកើតហេតុ គេឃេីញកង់បីឥណ្ឌាមួយគ្រឿត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1HU-7345 បើកបរដោយបុរសជាប្តីឈ្មោះ នា ចន្ទី មុខរបរធ្វើការ (អាយុ៥០ឆ្នាំ) ស្នាក់នៅភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមដំណើរជាមួយប្រពន្ធ ឈ្មោះ ហេង សត្យា មុខរបរធ្វើការនៅ NAGA (អាយុ៤១ឆ្នាំ) ភេទស្រី គោលបំណងយកប្រពន្ធពីកន្លែងធ្វើការត្រឡប់ទៅផ្ទះដែលមានទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាក Highlander ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2BC-5829 បេីកបរដោយស្ត្រីម្នាក់ដែលបើកបរក្រោមឥទ្ធិពលជាតិស្រវឹងឈ្មោះ ឯវ សិរីវុឌ្ឍិកា អាយុ៣៣ឆ្នាំ មានទីលំនៅផ្លូវ២០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណេីរជាមួយ២នាក់ទៀត បានរេចង្កូតចូលគន្លងម្ខាងទៀតទបុកជាមួយកង់បីឥណ្ឌាខាងលេី បណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ហេីយរថយន្តបង្កបន្តទៅបុកទម្លុះរបងសាលមហោស្រពចតុមុខ បាក់អស់មួយប្រឡោះ និងរថយន្តខ្ទេចមួយកំណាត់មុខ ។ អំឡុងពេលកេីតហេតុ គេឃេីញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែកឯតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចនាំយកទៅស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដេីម្បីសាកសួរនិងរងចាំប្រគល់អោយនគរបាលចរាចរណ៍ ។
បេីតាមក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយេីងថា ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យប្តី កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (អាចពិការភាពមួយជីវិត ដោយសារប៉ះពាល់ដល់ឆ្អឹងខ្នងនឹងក ដែលមិនអាចកំរើបានទាំងអស់) ។ ចំណែកប្រពន្ធបែកក្បាល ដាច់ជើង នឹងបាក់ភ្លៅទាំងសង្ខាង) ។
សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយេីងទៀតថា បច្ចុប្បន្នអ្នកបេីកបររថយន្តបង្ក បែរជានៅក្រៅឃុំ ដោយពុំទាន់មានការដោះស្រាយជាមួយខាងជនរងគ្រោះនៅឡេីយ បន្ទាប់ពីចរចារក្រៅប្រព័ន្ធតុលាការ ជាមួយបងប្អូនតំណាងជនរងគ្រោះមិនត្រូវគ្នា ។
ជាមួយគ្នានេះដែរ ក្រុមគ្រួសារជនរងគ្រោះ សូមលេីកដៃគោរពសំពះស្នេីសុំតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន សូមអោយតុលាការសម្រេចដោយយុត្តិធម៏ ដេីម្បីឲ្យជនបង្កផ្តល់សំណងសមរម្យដល់រងគ្រោះផង ដែលកំពុងខ្វះខាតថវិការសម្រាប់ព្យាបាល ដោយនឹងត្រូវបញ្ជូនជនរងគ្រោះជាប្តីទៅព្យាបាលក្រៅប្រទេសឆាប់ៗនេះទៀត ៕