សាហាវ! សុទ្ធតែកាំបិតនិងដាវ ដេញវាយនិងកាប់មនុស្ស រួចកាប់យកទាំងស្លាកលេខម៉ូតូទៅបាត់ ៣ករណីផ្សេងគ្នា នារាត្រីដំបូងនៃបុណ្យអុំទូក!
រាជធានីភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋកំពុងរីករាយថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក្រោមម្លប់សន្តិភាពស្របតាមគោលការណ៍រស់នៅតាមបែបគន្លងថ្មី បែរជាក្រុមក្មេងស្ទាវ-ក្មេងទំនេីងប្រដាប់ដោយដាវ និងកាំបិត ជិះម៉ូតូជាច្រេីនគ្រឿងឌុបគ្នាដេញវាយនិងកាប់មនុស្ស រួចកាប់យកទាំងស្លាកលេខម៉ូតូទៅបាត់ ៣ករណីផ្សេងគ្នា បង្កអសន្តិសុខសង្គមយ៉ាងខ្លាំង នារាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ត្រូវនឹងយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
ករណីទី១.មានក្រុមក្មេងស្ទាវប្រដាប់ដោយដាវនិងកាំបិត ជិះឌុបគ្នាធ្វេីសកម្មភាពកា.ប់ទៅលេីយុវជនម្នាក់ជាអ្នកដឹកអាហារអនឡាញ កំពុងជិះម៉ូតូតាមផ្លូវ ចំក្បាលនិងដៃរងរបួសធ្ងន់ និងដួលម៉ូតូ ទេីបជនរងគ្រោះស្ទុះងេីបរត់ចោលម៉ូតូសំដៅទៅរកកន្លែងមានមនុស្សស្រែកហៅគេឲ្យជួយ ទេីបក្រុមជនសង្ស័យកាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង កាលពីម៉ោង០៩:១០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចខាងកេីតស្តុបមុខវត្តថាន់(ចម្ងាយ៥០ម៉ែត្រ) លេីផ្លូវកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ។
ករណីទី២. មានក្រុមក្មេងស្ទាវប្រដាប់ដោយដាវនិងកាំបិត ជិះឌុបគ្នាធ្វេីសកម្មភាពកា.ប់ទៅលេីភាគីម្ខាងទៀត មានគ្នា៧-៨នាក់ កំពុងជិះម៉ូតូតាមផ្លូវត្រលប់ទៅផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយក្រុមជនសង្ស័យក៏បានកាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់ទៅ កាលពីវេលាម៉ោង០១:៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចមុខផ្សារជេនយូរី ផ្លូវសហព័ន្ធរុស្ស៊ី (ខាងកេីតអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ) ។ ករណីនេះ មិនដឹងច្បាស់ថាជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍អោយសមត្ថកិច្ចធ្វេីការស្រាវជ្រាវហេីយរឺនៅនោះទេ ។
ករណីទី៣. មានករណីហិង្សា យុវជនមួយក្រុមអង្គុយផឹកជុំគ្នាជិតចប់ហេីយ បែរជាមានក្រុមក្មេងស្ទាវមួយក្រុមទៀតជិះឌុបគ្នា បានចុះមកព្រួតវាយ បណ្ដាលឲ្យមានអ្នករងរបួស២នាក់ ហេីយនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បានកេីតឡេីងកាលពីវេលាម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចសួនច្បារមុខវត្តបទុមវតី ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ដែរ តែជនរងគ្រោះសុំទៅមន្ទីរពេទ្យលាងរបួសសិន ចាំមកដាក់ពាក្យបណ្ដឹងពេលក្រោយទៀត ៕